សុវត្ថិឌី ធារីកា សុខចិត្តពន្យាកម្មពិធីបុណ្យគម្រប់ខួប ១ ឆ្នាំរបស់អ្នកមានគុណ
ប្រិយមិត្តអ្នកនិយម និងចូលចិត្តស្ដាប់ចម្រៀងច្បាស់ជាបានស្គាល់ហើយ តារាចម្រៀងរាងស្ដើងតូច សំលេងផ្អែម សុវត្ថិឌី ធារីកា ដែលតែងតែនាំយកមកនូវចម្រៀងពិរោះៗជាច្រើន ជូនអ្នកគាំទ្រស្ដាប់កម្សាន្តអារម្មណ៍ និងសើចសប្បាយជាមួយនិងភាពក្រមេច ក្រមើមរបស់នាង ។
អ្នកលេងបណ្ដាញសមង្គហ្វេសប៊ុក មួយចំនួនពិតជាបានដឹងហើយថា កាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០២២ កន្លងទៅនេះ សុវត្ថិឌី ធារីកា និងគ្រួសារបានជួបទុក្ខយ៉ាងធ្ងន់ធ្ងូរ ត្រឹមតែមួយពម្រិចភ្នែកសោះ នាងត្រូវបានបាត់បង់ ទាំងម្ដាយនិងឪពុកក្នុងពេលតែមួយ ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យនាងនិងប្អូនប្រុសត្រូវរស់នៅតែពីរនាក់ និងលែងទទួលបានភាពកក់ក្ដៅពីអ្នកមានគុណតទៅទៀត។
សូមបកក្រោយបន្ទិចផងដែរ នៅក្នុងថ្ងៃបិទជាផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នោះ ក៏ត្រូវជាថ្ងៃគម្រប់ ១ ឆ្នាំអ្នកមានគុណរបស់ សុវត្ថិឌី ធារីកា ផងដែរ ខណៈរូបនាងមានភារកិច្ចត្រូវចូលរួមសម្ដែងនៅក្នុងកម្មវីធីដ៏អស្ចារ្យមួយនេះ ទើបធ្វើឱ្យនាងសម្រេចចិត្តធ្វើកម្មវិធីគម្រប់ ១ ឆ្នាំរបស់អ្នកមានគុណ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ លក្ខណៈគ្រួសារ ដែលមាននិមន្តព្រះសង្ឃសូត្រមន្ត និងសមាជិកគ្រួសារតែប៉ុន្មាននាក់ចូលរួមប៉ុណ្ណោះ ។
តារាច្រៀងសំលេងផ្អែមរូបនេះក៏បានលើកឡើងថា ខ្លួនពុំមានការសោកស្ដាយទេដែលមិនបានរៀបចំកម្មវិធីធំដុំជូនអ្នកមានគុណនោះ ប៉ុន្តែនៅពេលដែលឡើងដល់ឆាក ស៊ីហ្គេមនាងក៏បាននឹកទៅដល់ឪពុកម្ដាយមុនគេ រហូតធ្វើឱ្យនាងស្រស់ទឹកភ្នែក៕