មានរឿងអីចេះ ! ដល់ថ្នាក់ធ្វើឱ្យ លោក ឧកញ៉ា ខេមៈ សិរីមន្ត សម្រក់ទឹកភ្នែក
លោក ឧកញ៉ា ខេមៈ សិរីមន្ត ដែលជ្រកនៅក្រោម ផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា ក៏មិនឈរឱបដៃមើលដែរ ជុំវិញបញ្ហាពាក់ព័ន្ធ និងគម្រោងផ្ទះល្វែងរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានអតិថិជនកំពុងតែតវ៉ាលើបណ្ដាញសង្គម អំពីបញ្ហាផ្ទះ ដែលពួកគាត់បានទិញ និងដល់ថ្ងៃដែលបានកំណត់កុងត្រាផងដែរ ប៉ុន្តែខាងម្ចាស់គម្រោង មិនមានផ្ទះសម្រាប់ប្រគល់ជូនពួកគាត់នៅឡើយ។
នៅយប់ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៣ ម្សិលមិញនេះ លោកឧញ៉ា ខេមៈ សិរីមន្ត បានចេញមកឡាយវីដេអូ លើពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក និងបាននិយាយរៀបរាប់ទាំងក្ដុកក្ដួល រហូតស្រក់ទឹកភ្នែកផងដែរ។
លោក ខេមរៈ សិរីមន្ត បានរៀបរាប់ទាំងរំជួលចិត្តខ្លាំងថា លោកមិនអាចឈរឱបដៃមើល នៅពេលដែលឃើញមនុស្សដ៏សែនល្អម្នាក់ ត្រូវបានគេនិយាយបង្កាច់បង្ខូច និងលាបពណ៌ជាបន្តបន្ទាប់បែបនេះនោះទេ ទាំងដែលអ្នកឧកញ៉ា បានខំប្រឹងប្រែងធ្វើគ្រប់យ៉ាង ដើម្បីតែជួយដល់ប្រជាជន និងកម្មកររបស់គាត់ដែលមានចំនួន រាប់ពាន់ រាប់ម៉ឹននាក់ ដែលកំពុងបម្រើការងារកន្លងមក។
លោក ឧកញ៉ា ក៏បានផ្ញើរផ្ដាំទៅកាន់មហាជនឱ្យបានដឹងកាន់តែច្បាស់ថា កំឡុងពេលនេះ អ្នកឧកញ៉ា ផ្ទាល់និងបុគ្គលិកទាំងអស់ក៏កំពុងតែ ខិតខំធ្វើការ និងសាងសង់ផ្ទះជូនអតិថិជនយ៉ាងមមាញឹក គ្រាន់តែមានការយឺតយ៉ាវបន្ទិច ប៉ុន្តែមិនមែនជាផ្ទះខ្យល់ ដីខ្យល់ ដូចអ្វីដែលមហាជនជាច្រើនបានលើកនោះឡើយ និងសុំអង្វរឱ្យមហាជនទាំងអស់ព្យាយាមយល់អំពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាផង។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ មានអ្នកសិល្បៈរស់នៅក្រោមដំបូលផលិតកម្មកាឡាក់ស៊ី ក៏បានចេញមុខជួយបកស្រាយជុំវិញបញ្ហាខាងលើដែរ ប៉ុន្តែហាក់មិនទទួលបានលទ្ធផលវិជ្ជមាន និងមានការគាំទ្រការលើកឡើងរបស់ពួកគេនោះទេ ផ្ទុយទៅវិញ កាន់តែរងការវាយប្រហារ និងមានអ្នកខ្លះ បោះពាក្យឈប់គាំទ្រតារាទាំងនោះ រួមទាំងលោក ខេមរៈ យប់មិញនេះទៀតផង៕