រយៈពេលមិនដល់ ១ ខែផង អ្នកនាង ប្រាសាទ ដាវីន ក្លាយជាអ្នកគ្រប់គ្រង កម្មវិធីរហូតទៅដល់ ២ !
មហាជននិយមចូលចិត្ត និងតាមដានវិស័យសិល្បៈច្បាស់ជាធ្លាប់បានស្គាល់ហើយ អតីត Freshie Gril ចំណាត់ថ្នាក់លេខ ៣ ជំនាន់ទី ៤ ក្នុងឆ្នាំ ២០០៦ គឺអ្នកនាង ប្រាសាទ ដាវីន បន្ទាប់ពីរស់នៅប្រទេសក្រៅអស់ជាច្រើនឆ្នាំ ពេលនេះនាង បានត្រឡប់មកនៅប្រទេសកំណើតខ្លួនវិញហើយ និងបានបោះជំហានចូលវិស័យដើរម៉ូតវិញផងដែរ អ្វីដែលពិសេសនោះគឺ នាង នៅតែទទួលបានប្រជាប្រិយដូចដើម ។
អ្នកនាង ប្រាសាទ ដាវីន ធ្លាប់បានក្ដោបតំណែងជា បវរកញ្ញា Universal Woman Cambodia 2023 ដែល តំណាងឱ្យកម្ពុជាទៅចូលរួមនៅ ឯប្រទេស ឌូបៃ ហើយទទួលបានជ័យលាភីលំដាប់រងទី ៤ Universal Woman Cambodia 2023 ទៀតផង ។
យ៉ាងណាមិញកាលពីដើមខែ ឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ អ្នកនាង បានធ្វើឱ្យអ្នកគាំទ្រ និងមិត្តក្នុងវិស័យសិល្បៈ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានទទួលដឹងដំណឹងថា បវរកញ្ញា Universal Woman Cambodia 2023 រូបនេះបានទិញសិទ្ធធ្វើជាម្ចាស់គ្រប់គ្រងកម្មវិធីប្រកួតបវរកញ្ញាថ្មីមួយ ដែលនាំមកកម្ពុជានោះគឺកម្មវីធី Miss Environment Cambodia ។
លើសពីនោះទៀត មកដល់ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៣ នេះបើគិតទៅមិនដល់ ១ ខែផងស្រាប់តែ អ្នកនាង ប្រាសាទ ដាវីន បានក្លាយទៅជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតបរុសឯកមួយផ្សេងទៀតមក កម្ពុជា គឺកម្មវិធី Mister Friendship Cambodia ដែល អ្នកនាង ជាអ្នកទិញសិទ្ធមកទៀត ។