នៅពីក្រោយការសម្ដែងលេងសើចសប្បាយ នាយគ្រឿន កំពុងតែខ្វាយខ្វល់រឿងសំខាន់មួយនេះ
សិល្ប៖ មហាជនអ្នកនិយមតាមដាន និងចូលចិត្តទស្សនារឿងកំប្លែង ពិតជាស្គាល់ច្បាស់ហើយ នាយ គ្រឿន ជាតារាមួយរូបដែលមានប្រជាប្រិយភាពខ្លាំង និងទទួលបានការគាំទ្រជាច្រើនពីសំណាក់មហាជន មួយរយៈចុងក្រោយនេះសង្កេតឃើញថា តារាកំប្លែងពូកែលេងទឹកមុខរូបនេះ តែងតែទទួលបានការងារជាច្រើន និងលេចមុខធ្វើជាពិធីករ ក៏ដូចបង្ហាញខ្លួនសម្ដែងនៅក្នុងខ្សែភាពយន្តជាច្រើនបន្តបន្ទាប់ ។
អ្នកទស្សនាតែងតែទទួលបានការសើចសប្បាយ អារម្មណ៍ល្អរំសាយទុក្ខកង្វល់ជាមួយ និងពាក្យសំដីកំប្លុកកំប្លែងក៍ដូចជាទឹកមុខកំប្លែងស្ងួតរបស់ នាយ គ្រឿន តែអ្នកគាំទ្រមិនបានដឹងរឿងនៅពីក្រោយខ្ននរបស់ លោក ទេថា លោកក៏មានរឿងដែលត្រូវគិត និងខ្វាយខ្វល់ពិបាកចិត្តដូចអ្នកគ្រប់គ្នាដែរ។
នៅថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០២៣ នេះ នាយគ្រឿន បានផ្ដល់បទសម្ភាសនៅក្នុងកម្មវិធី “VTalk Confession” បានទម្លាយរឿងពិត និងរៀបរាប់អំពីទុក្ខលំបាក ដែលបច្ចុប្បន្នលោក កំពុងតែពិបាកចិត្តជាខ្លាំងដោយសារតែលោក ជំពាក់បំណុលធនាគារទៅដល់ ៨ ម៉ឺនដុល្លារឯណោះ ដែលលុយនោះលោក បានយកទៅបង់រំលស់ផ្ទះ ដើម្បីស់នៅជុំគ្រួសាររ ព្រោះថាលោកពុំមានលទ្ធភាពក្នុងការទិញផ្ទះដាច់នោះទេ។