លោក ឃុន សុធារិទ្ធ បន្ទាប់ពីស្ងាត់ ពីសិល្បៈមួយរយៈ ពេលនេះលោកបានវិលត្រឡប់ចូលទ្រនំដើមវិញ

សិល្ប៖ លោក ឃុន សុធារិទ្ធ គឺជាអ្នកនិពន្ធទំនុកច្រៀង និពន្ធសាច់រឿង និងដឹកនាំតួសម្ដែង ដ៏ល្បីឈ្មោះម្នាក់ លោក ធ្លាប់ជាអតីតអ្នកនិពន្ធនៅផលិកកម្មល្បីៗ ២ នេះរួមមាន ផលិតកម្ម ហង្សមាស លោកបានធ្វើនៅកំឡុងឆ្នាំ ២០១៤-២០១៥ និងបន្តទៅធ្វើនៅផលិតកម្ម ថោន ក្នុងឆ្នាំ ២០១៥-២០១៩ ។

យ៉ាងណាមិញមួយរយៈចុងក្រោយនេះ លោក ហាក់បីដូចជាស្ងាត់ពីសិល្បៈ ក្រោយបានចាកចេញពីផលិកម្ម ថោន ដែលលោក ធ្លាប់ជ្រកក្នុងផលិតកម្មនេះអស់រយៈពេល ៤ ឆ្នាំ អំឡុងពេលដែល លោក កំពុងបម្រើការងារនៅផលិតកម្ម ថោន លោក ក៏បានកសាងស្នាដៃជាច្រើនផងដែរ និងមានបទចម្រៀងល្បីៗមួយចំនួនដូចជាបទ “ មេឃកំពុងភ្លៀងហើយ ” ច្រៀងដោយ លោក ហាក់ រីខត បទ “ ឧបសគ្គស្នេហ៍ ” ច្រៀងដោយ កញ្ញា ស៊ូ ស៊ីវីកា និងបទ “ មនុស្សស្រីធម្មតាម្នាក់ធ្វើឲ្យខ្ញុំខូចចិត្ត” ច្រៀងដោយ លោក គូមា និងមានបទដែលល្បីផ្សេងៗជាច្រើនទៀត ។

ថ្មីៗនេះស្រាប់តែ លោក ឃុន សុធារិទ្ធ បានធ្វើឲ្យមហាជនជាច្រើនដែលបានស្គាល់លោក រំភើប និងសប្បាយចិត្ត បន្ទាប់ពីបានឃើញ លោក បង្ហោះរូបភាពរបស់ផលិកកម្ម ថោន និងភ្ជាប់មកជាមួយសារបែបនេះ “ដួលកន្លែងណា ងើបវិញកន្លែងនឹង អរគុណបងប្រុសដែលផ្តល់ឱកាស កន្លែងចាស់ ការងារចាស់ + តួនាទីថ្មី  now I’m come back home with new generation… ” ដែលធ្វើឲ្យមហាជនជាច្រើននាំគ្នាជូនពរ និងអបអរដល់ លោក ដែលបានវិលត្រឡប់មកទ្រនំចាស់វិញ ជាមួយគ្នានេះដែរមហាជនក៏កំពុងរងចាំមើលស្នាដៃថ្មី បទថ្មី នៅកន្លែងចាស់របស់ លោក យ៉ាងអន្ទះសា ។

អត្ថបទដែលជាប់ទាក់ទង