មូលហេតុទាំងនេះ ដែលជំរុញឲ្យលោក យឹង យន កែវសារ៉ាត់II ឧស្សាហ៍ចេញសម្តែងក្រៅស្រុកច្រើនជាងគេ

សិល្ប៖ លោក យឹង យន គឺជាតារាចម្រៀងម្នាក់ដែលអាចច្រៀង បានទាំងចម្រៀងសម័យ និងបុរាណ ព្រមទាំងមានសំឡេងពិរោះស្រដៀងទៅអធិរាជសម្លេងមាស កែវ សារ៉ាត់ រហូតទទួលបានរហ័សនាមថា លោក កែវ សារ៉ាតទី២ បន្ទាប់ពីបញ្ចេញសមត្ថភាពនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកមួយ និងត្រូវបានលោក ដួង សុខគា ពិធីករដ៏ល្បីឈ្មោះ ជាអ្នកសួរ និងឲ្យច្រៀងគោកភ្លាមៗ នាពេលកន្លងទៅយូរឆ្នាំមកហើយ ដោយគ្រាន់តែរំឭកឡើងវិញតែប៉ុណ្ណោះ។

លោក យឹង យន មានទេពកោសល្យ ទៅលើការលេងឧបករណ៍ភ្លេងខ្មែរជាច្រើនមុខបានយ៉ាងល្អ និងចេះតែងនិពន្ធបទភ្លេង ទាំងសម័យ និងបុរាណ ព្រមទាំងចេះច្រៀង និងនិពន្ធបទភ្លេង ល្ខោនបាសាក់ យីកេ និង​ទម្រង់ភ្លេងខ្មែរ ជាច្រើនប្រភេទទៀតដែលមិនអាចរៀបរាបអស់ សម្រាប់​ទេពកោសល្យរបស់លោកទៅលើវិថីមួយនេះ។

ក្រៅពីជំនាញផ្នែកសិល្បបុរសសង្ហាសម្បុរសណ្តែកបាយរូបនេះ​ ក៏មានការអប់រំផ្នែកចំណេះដឹងទូទៅបានខ្ពង់ខ្ពស់ផងដែរ គឺបាន​បញ្ចប់ថ្នាក់អនុបណ្ឌិត ​ជំនាញ​គ្រប់ពាណិជកម្មថែមទៀត ចំណែកឯផ្នែកភាសា លោក​ចេះភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ និងប្រើប្រាស់ជាផ្លូវការសម្រាប់ទំនាក់ទំនងទូទៅ រួមទាំងការងារផ្នែកសិល្ប និងមុខរបររកទទួលទានផ្សេងៗទៀត។

នៅក្នុងជំនួបតាមប្រព័ន្ធបណ្តាញសង្គមតេលេក្រាមដែលក្រុមការងារ Media 365 Daily ចោទសួរទៅកាន់លោកពីកម្ពុជាទៅថា៖ លោក យឹង យន មើលទៅ សាមញ្ញធម្មតាៗ ប៉ុន្តែហេតុអ្វី ទើបឧស្សាហ៍ឃើញបានឱកាសទៅសម្តែងក្រៅប្រទេសម្ល៉េះ ដោយសារមូលហេតុអ្វីដែរ? អាចប្រាប់ផងបានទេ?

សូមកោតសរសើរផងដែរ ជាក់ស្តែងសំណួរខាងលើនេះ លោកបានមិនបានលាក់បាំងអ្វីនោះទេ គឺលោកបានបញ្ចាក់ច្បាស់ៗថា វាមានច្រើនចំណុចដែលផ្គួបផ្សំគ្នា ហើយចំណុចទាំងអស់នោះ ក៏បានលើកឡើងមកខាងលើខ្លះដែរ ដូចជា ដោយសារលោក ចេះតន្ត្រីខ្មែរច្រើនទម្រង់ ចេះភាសាអាចទំនាក់ទំនងគ្នា និងមានកិត្តិយសក្នុងសង្គមខ្លះ ព្រមទាំងមានទំនាក់ទំនងល្អជាមួយអ្នកនៅក្រៅប្រទេសទៀត ទើបលោកចេះតែមានឱកាសទទួលបានការងារនៅក្រៅប្រទេសជាបន្តបន្ទាប់ និងស្ទើតែរាល់ឆ្នាំតែម្ដង។
គួររំឭកថា បច្ចុប្បន្ននេះ លោក យឹង យន និងតារាចម្រៀងខ្មែរមួយក្រុម កំពុងនៅសម្តែងនៅឯក្រៅប្រទេសនៅឡើយទេ ដោយកន្លងទៅថ្មីៗនេះ លោក និងក្រុមការងារ ត្រូវបានសហគមខ្មែរនៅអឺរ៉ុប នៃសង្កាត់ វ៉ាឡាប៊ាំង នៅក្នុងទីក្រុងប៉ារីស បានអញ្ជើញដើម្បីចូលរួមសម្ដែងក្នុងកម្មវិធីប្រចាំឆ្នាំ ដែលគេធ្វើឡើងក្នុងការអបអរពិធីចូលឆ្នាំខ្មែរ សម្រាប់ប្រជាជនជនខ្មែរដែលរស់នៅទីនោះ ដោយមានកម្មវិធីលេង កម្សាន្តសប្បាយជាច្រើន បើទោះបីជាថ្ងៃចូលឆ្នាំខ្មែរត្រូវបានហួសថ្ងៃក៏ពិតមែន។

មេទីផ្សារលក់ដីឡូតិ៍រូបនេះក៏បានបញ្ជាក់ដែរថា ការមកចូលរួមសម្តែងសិល្បនៅសហគមន៍អឺរ៉ុបលើកនេះ លោកនៅតែយកនៅគ្រប់ទម្រង់សិល្បខ្មែរមកសម្តែងឲ្យមហាគ្រួសារខ្មែរដែលរស់នៅទីនេះមើលទស្សនា និងកម្សាន្តសប្បាយជាមួយគ្នាដដែលមិនមានអ្វីក្រៅពីការសម្តែងសិល្ប និងផ្សព្វផ្សាយវប្បធម៍ខ្មែរយើងឲ្យពួកគេបានស្គាល់ខ្មែរនោះទេ ប៉ុន្តែចំណុចកត់សំគាល់ គឺទទួលបានការគាំទ្រខ្លាំង ខណៈនៅទីនោះលោកថា “យើងបានបង្ហាញអ្វីដែលគេមិនទាន់មានទីនេះ”។

គួររម្លឹកថា សម្រាប់ដំណើរបេសកម្មផ្នែកសិល្បៈរបស់លោក យឹង យន គឺលោកបានដើរទៅច្រើនប្រទេសណាស់ បើតាមអ្វីដែលលោកបានផ្តល់ព័ត៌មានមកនោះ សម្រាប់សហគមន៍អឺរ៉ុប រួមមាន ប្រទេសបារាំង អាឡឺម៉ង់ ស្វីស ស៊ុយអែត និងអូទ្រីស សម្រាប់លោកខាងលិច មានអាមេរិក អូស្រ្តាលី និងតំបន់អាស៊ាន មានថៃ សឹង្ហបុរី និងប្រទេសផ្សេងៗមួយចំនួនទៀត ហើយសុទ្ធតែមានឱកាសទៅតាមរយៈសិល្បទាំងអស់ ហើយលោកថា មូលហេតុដែលអ្នកសិល្បផ្សេងទៀតមិនសូវមានឱកាសការងារក្រៅស្រុក អាចមកពីពួកគេចេះតែសិល្ប ប៉ុន្តែអត់ចេះភាសា ទើបមិនមានឱកាសច្រើនដូចលោក៕


អត្ថបទដែលជាប់ទាក់ទង