អ្នកគាំទ្រការប្រកួតបាល់ទាត់ស្អែកនេះ ព្រួញមួយបាញ់បានសត្វពីរ ព្រោះ ជី ដេវីត ក៏ចូលរួមសម្តែងក្នុងព្រឹត្តិការណ៍នេះដែរ!
សិល្ប៖ ការប្រកួតបាល់ទាត់រវាង ក្រុមគោព្រៃកម្ពុជា ប៉ះជាមួយក្រុមបង់ក្លាដេស ដែលត្រូវធ្វើឡើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក នា យប់ស្អែកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ជាមួយគ្នានេះដែរ មានវត្តមានតារាចម្រៀងរ៉ែប លោក ជី ដេវីត ចូលរួមស្តែង បង្ហាញនៅចម្រៀង និងឈុតឆាកពិសេសៗ ពីតារារូបនេះ ដើម្បីបង្កើតនូវផ្ទាំងទស្សនីយភាពសម្រាប់អ្នកគាំទ្រ ដែលបានចូលរួមការប្រកួតបាល់ទាត់មិត្តភាពស្អែកនេះ ដោយព្រួញមួយបាញ់បានសត្វពីរតែម្ដង។
តាមដឹងសម្រាប់ថ្ងៃស្អែកនេះដែរ លោក ជី ដេវីត នឹងលើកយកបទ “ មហានគរ” ជាចម្រៀង មួយបទដែលបានរៀបរាប់អំពី វប្បធម៌ និង អរិយធម៌ របស់ខ្មែរ ក៏ដូចជាកេរ្តិ៍មរតក ដែលដូនតាខ្មែរ បានបន្សល់ទុកឲ្យរាប់ពាន់ឆ្នាំមកហើយ ក្នុងនោះក៏មានការចូលរួមពីកូនក្រុមសម្ដែងជាច្រើននាក់ផងដែរ ។
គួររំឭកថា បទ “មហានគរ” នេះធ្លាប់ត្រូវបានអ្នកគាំទ្រជាច្រើន ចង់ឃើញការសម្ដែង តាំងពីកម្មវិធីបិទ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ មកម៉្លេះ ប៉ុន្តែពេលនោះ លោកមិនទាន់ទទួលបានឱកាសបង្ហាញជូននៅឡើយ ដូច្នេះដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យ សម្រាប់ថ្ងៃស្អែកនេះ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករ ដោយការប្រកួតនឹងចាប់ផ្តើមពីម៉ោង ៧យប់តទៅ ប៉ុន្តែសម្រាប់អ្នកគាំទ្រ សូមអញ្ជើញទៅឲ្យបានមុនការប្រកួត ដើម្បីបានទស្សនា នៅផ្ទាំងទស្សនីយភាពនៃការសម្តែងផ្សេងៗ ជាពិសេសការសម្តែងរបស់តារាចម្រៀងជី ដេវីត តែម្ដង៕