អតីតអ្នកប្រដាល់ បឺត សំរេច ជាដំណក់ឈាមបង្កើតលោកតា ស៊ិន ស៊ីសាមុត? (មានវីដេអូ )

សិល្ប៖ ថ្មីៗនេះស្រាប់តែលេចឮដំណឹងថា អតីតកីឡាករគុនខ្មែរ លោក បឺត សំរេច គឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និងមានម្ដាយឈ្មោះ ធីម វិជ្ជរ៉ា ជាអតីតអ្នករាំរបាំ និងជាគ្រូពេទ្យ ដែលមានស្រុកកំណើតសិ្ថតនៅខេត្តកំពង់ឆ្នាំង។

តាមរយៈកម្មវិធី ចម្រៀងគ្រួសារខ្មែរ លោក បឺត សំរេច បានឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅ លោកតែងតែលាក់បាំង និងមិនដែលបង្ហាញថាខ្លួន ជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុតនោះទេ ដោយសារលោកមានភាពអៀនខ្មាស់ជាខ្លាំង ខណៈត្រឹមតែជាកូនប្រុសម្នាក់ឥតខាន់ស្លារប៉ុណ្ណោះ។
មូលហេតុដែលលោកបានទម្លាយអាថ៍កំបាំងជិត ៤៩ឆ្នាំនេះចេញមក ព្រោះលោកយល់ឃើញថា ខ្លួនក៏មានអាយុច្រើនដែរហើយ ព្រមទាំងមានការជម្រុញនិងលើកទឹកចិត្តពីម្ដាយចិញ្ចឹម ថាដល់ពេលវេលាដែលត្រូវលាត់ត្រដាងការពិតហើយ ទើបលោក បឺត សំរេច បានសម្រេចចូលរួមក្នុងកម្មវិធី “ចម្រៀងគ្រួសារខ្មែរ” និងបញ្ជាក់ថា ខ្លួនគឺជាកូនប្រុសម្នាក់ផងដែរ របស់អធិរាជសំឡេងមាស ស៊ិន ស៊ីមុត។

ជុំវិញការលេចឡើងនៅសមាជិកគ្រួសារលោកតា ស៊ិន ស៊ីសាមុតនេះ បើសិនជាការពិតមែននោះ សូមសរសើរដល់ទឹកចិត្ត លោក បឺត សំរេច ដែលមានភាពក្លាហានក្នុងការបញ្ចេញនូវព័ត៌មាននេះមក ហើយពិតជាអាណិតលោកផងដែរ ដែលអត់ទ្រាំលាកទុក្ខអស់រយៈពេលជិត ៥០ឆ្នាំមកនេះ ខណៈពេលកន្លងមកមិនថា លោកត្រូវរងទុក្ខ និងបានអត់ធ្មត់ប៉ុណ្ណាទេ ចំពោះអារម្មណ៍បានដឹងថា ឪពុកខ្លួនជានរណា ប៉ុន្តែបែរជា មិនអាចបង្ហាញឲ្យគេបានដឹងនោះ។

គួររំឭកថា លោក បឺត សំរេច បច្ចុប្បន្នមានវ័យ ៤៩ឆ្នាំ និងធំធាត់ដឹងក្តីនៅជាមួយម្ដាយចិញ្ចឹម ដែលត្រូវជាបងស្រីបង្កើតរបស់ម្ដាយលោក ហើយនៅក្នុងសម័យសង្គ្រាម លោកនិងគ្រួសារបានរត់ភៀសខ្លួនទៅនៅប្រទេសឡាវ និងបើតាមការរៀបរាប់ប្រវត្តិខ្លះៗ ពីលោក បឺត សំរេច គឺលោកតា ស៊ិន ស៊ីសាមុត ដែលត្រូវជាឪពុកបង្កើតរបស់លោក ធ្លាប់បានទៅយកពីម្ដាយអំឡុងពេលអាយុ ៦ខែ ប៉ុន្តែពេលនោះ ម្ដាយលោកមិនព្រមឲ្យ ហើយជាងនេះទៅទៀតលោកថា ម្ដាយរបស់លោក ព្រោះតែស្នេហារបស់ពួកគាត់មិនសមបំណង ធ្វើឲ្យម្ដាយរបស់លោក ក៏មិនចូលចិត្តលោកដែរ ដោយប្រគល់ឲ្យទៅបងស្រីជាអ្នកចិញ្ចឹមជំនួសផងដែរ។
ជុំវិញដំណឹងដ៏គួរឲ្យត្រេកអរនេះ នូវមិនទាន់ទទួលបានការបញ្ជាក់បន្ថែមណាមួយ បញ្ជាក់ថា លោក បឺត សំរេច ពិតជាកូនបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ឬយ៉ាងណានោះទេ ប៉ុន្តែបើជាការពិតមែន ក៏គួរតែសាទរផងដែរ ដែលលោកតា ស៊ិន ស៊ីសាមុត មានដំណក់ឈាមជ័រម្នាក់ទៀត និងមានទេពកោសល្យមិនចាញ់ឪពុកឡើយ ព្រោះលោកមានទឹកដមសំឡេងតាមរយៈការបកស្រាយបទបុប្ផាកំពង់ហាវ យ៉ាងពិរោះតែម្ដង ខណៈអាជីពលោកត្រឹមជាអ្នកប្រដាល់ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង