ជា សុជាតិ បានទម្លាយថាបទ “ឱកាសទីពីរ ”ទាក់ទងនិងជីវិតពិតរវាងលោក និងឪពុក
សិល្ប៖ បទចម្រៀងមួយបានរៀបរាប់ពីការសោកស្ដាយរបស់លោក ដែលបានបាត់បង់លោកឪពុកក្នុងអំឡុងពេលដែលខ្លួន កំពុងតែដើរតាមក្ដីស្រម៉ៃនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលរវល់ជាមួយការងារ ព្រមទាំងខ្លួននៅជានិស្សិត ត្រូវរស់នៅឆ្ងាយពីគ្រួសារ និងមិនទាន់មានអ្វីដែលអាចតបស្នងសងគុណលោកឪពុកផង ស្រាប់តែលោកឪពុកបានចាកចេញទៅដោយគ្មានថ្ងៃត្រឡប់ សូម្បីតែដង្ហើមចុងក្រោយរបស់ឪពុកក៏មិនបានទាន់ផង ។ រឿងមួយនេះបានធ្វើឲ្យលោកមានការសោកស្ដាយ និងមានវិប្បដិសារីយ៉ាងខ្លាំងរហូតមកដល់បច្ចុប្បន្ននេះ ។
លោក ជា សុជាតិ ក៏បានប្រាប់មកកាន់អ្នកគាំទ្រថា “ បទចម្រៀងមួយបទនេះបាននិពន្ធ និងច្រៀងរៀបរាប់ពីសាច់រឿងពិតនៃជីវិតផ្ទាល់ខ្លួនរបស់លោកជាមួយឪពុកបង្តើត ដែលបានចែកឋានទៅកាលពីឆ្នាំ ២០១៦ ។ លោកក៏បានឃើញ លោកឪពុក នៅក្នុងយល់សប្តិដោយបានចាត់ទុកថាជាឱកាសទី២ ដែលបានជួបលោកឪពុក ហើយក៏ជាលើកចុងក្រោយផងដែរ ព្រោះបន្ទាប់ពីពេលនោះមកលោកក៏លែងបានយល់សប្តិ ឃើញលោកឪពុកទៀតដែរ និងបានគិតថាឪពុក របស់លោកបានទៅដល់ឋានមួយដែលស្ងប់សុខហើយ ។
គួរំឭកផងដែរថា លោក ជា សុជាតិ គឺជាតារាចម្រៀងនៅក្នុងក្រុមក្មេងខ្មែរ ដែលមានមហាជនជាច្រើនបានស្គាល់លោកតាមរយៈបទ “បុណ្យភូមិ ” ក៏ដូចជាបទល្បីៗផ្សេងៗទៀតជាច្រើនផងដែរ ។