សារ៉ាយ សក្កណា ទម្លាយរឿងដែលធ្លាប់ឆ្លងកាត់នៅមន្ទីពេទ្យ យ៉ាងរំជួលចិត្ត
សិល្ប៖ កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៣ កន្លងទៅអ្នកនាង សារ៉ាយ សក្កណា បានចូលរួមកម្មវិធី 3 Fun និងបានរំឮករឿងលោកយាយរបស់អ្នកនាង និយាយរៀបរាប់ទាំងរំជួលចិត្តនិងហូរទឹកភ្នែក ដោយមិនគិតស្មានដល់ថាត្រូវបាត់បង់លោកយាយជារៀងរហូតនោះទេ ព្រោះជម្ងឺរបស់លោកយាយគឺជម្ងឺប្រភេទស្រាល ទាំងអ្នកនាងនិងក្រុមគ្រួសារក៏មិនបានត្រៀមចិត្តគិតថានឹងមានរឿងនេះកើតឡើងផងដែរ ។
ជាមួយគ្នានេះអ្នកនាង សារ៉ាយ សក្កណា បានលើកឡើងជុំវិញបញ្ហាមួយចំនួន មុននឹងលោកយាយរបស់អ្នកនាង បាត់បង់អាយុជីវិត ខណៈមុនពេលដែលធ្វើការវះកាត់ លោកយាយរបស់នាងត្រូវបានខាងគ្រូពេទ្យចាក់ថ្នាំបំបាត់ការឈឺចាប់អស់រយៈពេលមួយសប្ដាហ៍ ទើបបានធ្វើការវះកាត់ ប៉ុន្តែបន្ទាប់ពីវះកាត់ហើយអំឡុងពេលនោះ លោកយាយបានធ្វើទុក្ខខ្លាំង ដោយសារតែគាត់ជាមនុស្សចាស់កម្លាំងខ្សោយហើយត្រូវប្រើអុកស៊ីសែនដើម្បីជំនួយក្នុងការដកដង្ហើម ។
ស្របពេលដែលដាក់អុកស៊ីសែននោះហាក់បីដូចជាមានបញ្ហាច្រើន អុកស៊ីសែនកំពុងតែដាក់សុខៗក៏ស្រាប់តែអស់ ហើយមានពេលខ្លះក៏រលត់អុកស៊ីសែនបាត់ នៅក្នុងបញ្ហាដែលបានកើតឡើងទាំងនេះអ្នកនាង និងក្រុមគ្រួសារបានសន្និដ្ឋានថា លោកយាយបានបាត់បង់ជីវិតដោយសារតែគាត់ខ្សោយខ្លាំង និងខាងគ្រូពេទ្យសម្រុកដាក់ថ្នាំបំបាត់ការឈឺចាប់ច្រើនហួសកម្រិតពេក ធ្វើឲ្យលោកយាយទ្រាំទ្រលែងបានក៏បាត់បង់ជីវិតទៅ ។
គួរបញ្ជាក់ផងដែរថាអ្នកនាង សារ៉ាយ សក្កណា ក៏បានធ្វើការសុំទោសទុកជាមុនផងដែរ ទៅកាន់មន្ទីពេទ្យផ្សេងៗក្នុងករណីអ្នកនាង និយាយទៅធ្វើឲ្យប៉ះពាល់ មុននឹងលើកយកបញ្ហានេះមកនិយាយ ហើយអ្នកនាងក៏មិនបានប្រាប់ពីឈ្មោះរបស់មន្ទីពេទ្យនោះដែរ។