ក្រសួងវប្បធម៌ ទើបតែចេញសេចក្ដីណែនាំកាលពីថ្ងៃមុនសោះ ! តែក្រុមអ្នកផលិតវីដេអូមួយនេះ នៅតែបន្តធ្វើអំពើនេះដដែល

សិល្ប៖ ក្រុមអ្នកផលិតវីដេអូអបរំខ្លីមួយឈ្មោះ Life Film នៅតែបន្តចែករំលែកវីដេអូបែប អាសអាភាស ដោយក្នុងនោះក៏មានការលើកឡើងពីនារីសម្តែង នៅក្នុងរឿង បាននិយាយរៀបរាប់យ៉ាងទុក្ខសោក និងហួសចិត្តយ៉ាងខ្លាំង ចំពោះអ្នកដឹកនាំរឿងដែលបានយក វីដេអូ និង រូបភាព បែបអាសអាភាស របស់នាងទៅបង្ហោះនៅក្នុងបណ្ដាញសង្គម Facebook ដើម្បីរកលុយពីការចូលទស្សនារបស់មហាជន ។

នារីខាងលើក៏បានបញ្ជាក់ថា នាងមិនបានពេញចិត្តក្នុងការថតរឿងអាសអាភាសបែបនេះទេ ប៉ុន្តែនាងក៏ទន់ចិត្ត និងព្រមថតវិញដោយសារតែចាញ់បោកពាក្យលួងលោមរបស់អ្នកដឹកនាំរឿង ដែលបានប្រាប់ទៅកាន់នាងថា “ បច្ចេកទេសកាត់តមិនឲ្យឃើញរូបច្បាស់នោះទេ ” រួចនាងក៏សម្រេចចិត្តថត ប៉ុន្តែរឿងដែលមិននឹកស្មានដល់នោះ គឺអ្នកដឹកនាំរឿងមិនបានធ្វើដូចអ្វីដែលនិយាយជាមួយនាងឡើយ គេបានយកវីដេអូដែលថតនោះទៅបង្ហោះតែម្ដង ដោយគ្មានការកាត់ត មិនឲ្យមើលច្បាស់អ្វីនោះទេ ។

លើសពីនោះទៀតនារីខាងលើក៏បានរៀបរាប់ថា ខ្លួនបានស្នើសុំឲ្យអ្នកដឹកនាំរឿងលុបវីដេអូទាំងនោះចេញហើយ ប៉ុន្តែគេមិនព្រមលុបវីដេអូនោះទេ ថែមទាំងយកទៅចែកចាយតាម Page ផ្សេងៗទៀតកាន់តែកើនឡើងជាលំដាប់ ដោយគ្មានការញញើតនិងច្បាប់បន្តិចសោះឡើយ ។

យ៉ាងណាមិញក្រុមអ្នកផលិតវីដេអូឈ្មោះ Life Film នេះពិតជាបានធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីជាតិ ព្រមទាំងសិទ្ធស្ត្រី និងកុមារ ខណៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេក្ដីណែនាំរួចហើយ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣ ជុំវិញរឿងរ៉ាវដែលមានករណី បុគ្គល ឬក្រុមណាមួយ នៅតែបន្តផលិតវិដេអូបែបនេះទៀត ក្រសួងនឹងសហការជាមួយស្ថាប័ន មានសមត្ថកិច្ចដែលពាក់ព័ន្ធ ព្រមទាំងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទៅតាមបទបញ្ញាត្តិច្បាប់ដែលមានជាធរមាន ។

គួរបញ្ជាក់ផងដែរថាក្រុមអ្នកផលិតវីដេអូខាងលើ ក៏បានចេញមុខមកទទួលការណែនាំពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហើយកាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣ នេះព្រមទាំងសុំការអភ័យទោសពីមហាជន លុបវីដេអូដែលមិនសមរម្យទាំងនោះចោល និងសន្យាថានឹងមិនផលិតវីដេអូបែបអាសអាភាសនេះបន្តទៀតនោះទេ ។

អត្ថបទដែលជាប់ទាក់ទង