លេចមុខ លោក សូ លីដូ បកស្រាយចម្រៀងមួយបទយ៉ាងពិរោះ បន្ទាប់ស្ងាត់ពីសិល្បៈយូរឆ្នាំ (មានវីដេអូ )
សិល្ប៖ ថ្មីៗនេះបានប្រទះឃើញគណនី TikTok មួយឈ្មោះ Somkea125 បង្ហោះវីដេអូសកម្មភាពរបស់ លោក សូ លីដូ ដែលបានបកស្រាយចម្រៀងមួយបទក្រោមចំណងជើង “ អ្នកពិបាកចិត្តជាងគេលើលោកនេះ ” ងាកមកស្ដាប់សំឡេងរបស់លោកវិញ គឺនៅតែពិរោះនិងធ្វើឲ្យអ្នកស្ដាប់អន្លង់អន្លោចតាម ទាំងការច្រៀងនិងការដាក់មនោសញ្ចេតនារបស់លោក ។
ខណៈពេលដែលស្ដាប់ការបកស្រាយចម្រៀងរបស់លោកហើយ ធ្វើឲ្យអ្នកគាំទ្រនឹកគិតដល់ពេលអតីតកាលរបស់លោក ដែលមានឈ្មោះបោះសំឡេងខ្លាំងក្នុងអំឡុងឆ្នាំ ២០០៧ ហើយក៏ជាឆ្នាំដែលលោកប្រឡូកចូលសិល្បៈដំបូងផងដែរ នឹងក្រោយកសាងកេរ្តិ៍ឈ្មោះឲ្យមានភាពល្បីល្បាញហើយស្រាប់តែ បាត់មុខបាត់សំឡេងលោកពីសិល្បៈឆឹងតែម្ដង ហើយរឹតតែលែងឃើញលោកបង្ហាញខ្លួននៅលើឆាកប្រគុំតន្រ្តីនានាទៀតផង ។
គួររំឭកផងដែរថាលោក សូ លីដូ ធ្លាប់ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន តាមរយៈទឹកដមសំឡេងដ៏ពិរោះរបស់លោកក្នុងបទចម្រៀងល្បីៗដូចជាបទ “ អ្នកពិបាកចិត្តជាងគេលើលោកនេះ ” បទ “ ជូនទឹកភ្នែកជូនចិត្តឈឺចាប់ ” និងបទល្បីផ្សេងៗទៀត ៕