តើអតីតបេក្ខជនប៉ុន្មានរូបមកប្រលង The voice រដូវកាលទី៣នេះម្ដងទៀត?
សិល្ប៖ មានបេក្ខជនចំនួន ៤ រូប ធ្លាប់បានចូលរួមប្រកួតប្រជែងកម្មវិធីចម្រៀងលំដាប់ពិភពលោក ដែលមានឈ្មោះល្បីៗ របស់ទូរទស្សន៍ហង្សមាស ដោយក្នុងនោះមាន៖
១-លោក សួន សុវណ្ណចន្នី គឺជាបេក្ខជនមួយរូបដែលមានការតស៊ូខ្ពស់ និងមិនបោះបង់ក្ដីស្រមៃរបស់ខ្លួន ដោយលោកធ្លាប់បានចូលប្រកួតក្នុងកម្មវិធី The voice Cambodia រដូវកាលទី១ និងកម្មវិធី Cambodia Idol រដូវកាលទី១ សម្រាប់កម្មវិធី The voice រដូវកាលទី៣នេះ លោកបានមកវិញជាមួយនឹងភាពខ្លាំងជាងមុនទៅទៀត និងទទួលបានការគាំទ្រពីគណកម្មការ និងទស្សនិជន ពេញស្ទូឌីយូតែម្ដង។
២-លោក វ៉ាត វ៉ាន់ ក៏ជាបេក្ខជនមួយរូបដែលពោរពេញទៅដោយសមត្ថភាព និងការព្យាយាមខ្លាំងហើយលោក ក៏ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធីល្បីៗ របស់ទូរទស្សន៍ហង្សមាសចំនួនពីរផងដែរ ដោយមានកម្មវិធី X Factor កម្មវិធី Beat The Best មកលើកនេះ ក៏មិនធម្មតា ប៉ុន្តែគាស់ចិត្តគណកម្មការបានតែម្នាក់ប៉ុណ្ណោះ ក្នុងការចុចប៉ុតុងបង្វិលយករូបលោក។
៣-លោក ង៉ូត សិលា ក៏មានប្រវត្តិធ្លាប់ប្រកួតក្នុងកម្មវិធីល្បីៗទាំងនេះមិនខុសពីលោក វ៉ាត វ៉ាន់ ប៉ុន្មានទេដោយ ង៉ូត សិលា ដែរ ធ្លាប់បានបង្ហាញខ្លួននៅក្នុងកម្មវិធី X Factor និងកម្មវិធី Beat The Best ហើយសម្រាប់វត្តមានលើកនេះ គឺលោកច្រៀងបទ Rock ដ៏អស្ចារ្យតែម្ដង។
៤-ចំណែកបេក្ខជនចុងក្រោយគឺលោក វង ជីវ័ន្ត ក៏មានប្រវត្តិតស៊ូ ព្រមទាំងមានការព្យាយាមខ្ពស់មិនចាញ់អ្នកទាំងបីខាងលើប៉ុន្មានទេ ដោយលោកធ្លាប់បានចូលរួមប្រឡងចម្រៀងក្នុងកម្មវិធី Beat The Best របស់ស្ថានីយ៍មួយនេះ តែសម្រាប់វត្តមានលើកនេះ បានសម្រេចយក ពេជ្រសោភា ជាគ្រូបង្វឹក និងមួយច្រៀងបទនេះ ញ៉ាក់តែម្ដង។
គួរបញ្ជាក់ផងដែរថា ពេលនេះ ជើងខ្លាំងទាំងបួនខាងលើ កំពុងឡើងទៅកាន់វគ្គជាបន្តទៀតហើយ សូមរង់ចាំមើលទាំងអស់គ្នាថា តើបេក្ខជនរូបណា ដែលអាចសម្រេចក្ដីស្រម៉ៃខ្លួនបាននៅក្នុងកម្មវិធី និងក្លាយជាម្ចាស់ពានរដូវកាលថ្មីនេះ?