ប្រវត្តិតារាជើងចាស់ ច័ន្ទ តារាទី ពិតជាមិនធម្មតា និងចូលសិល្បមុន ទេព រិន្ទដារ៉ូទៅទៀត!

សិល្ប៖ តារាសម្ដែងជើងចាស់ដែលមានពហុជំនាញ គឺលោកស្រី ច័ន្ទ តារាទី បានស្គាល់ និងប្រឡូកចូលក្នុងវិស័យសិល្បៈតាំងតែពីឆ្នាំ ១៩៨១ មកម្ល៉េះ ហើយអំឡុងឆ្នាំនោះ លោកស្រីនៅជាសិស្សនៅឡើយទេ ដោយសិក្សានៅសាលាវិចិត្រសិល្បៈ មានលោកសាស្រ្តាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាគ្រូបង្រៀនលោកស្រីផ្ទាល់ ដែលបានរៀនជំនាញជាច្រើនមុខដូចជា ខាងសម្ដែងរឿង ល្ខោនបាសាក់ ល្ខោនយីកេ និងកំណាព្យ ទៀតផង។

យ៉ាងណាមិញបន្ទាប់ពីបានសិក្សាចប់ផ្នែកបច្ចេកទេសនៅសាលាវិចិត្រសិល្បៈហើយនោះ លោកស្រីក៏ទទួលបាន សញ្ញាប័ត្រមធ្យមសិក្សាផ្នែកសិល្បៈ និងបានចាប់ផ្ដើមថតខ្សែភាពយន្តនៅក្នុងឆ្នាំ ១៩៨៧ និងបើតាមការបញ្ជាក់បន្ថែមពីលោកស្រីផ្ទាល់ថា លោកស្រីចូលសិល្បៈមុន លោកទេព រិន្ទដារ៉ូ ទៅទៀត។

ជាមួយគ្នានេះដែរនៅក្នុងឆ្នាំ ១៩៩០ ខែតុលា លោកស្រីក៏បានទទួលពានរង្វាន់លេខ១ ខាងសម្ដែងទូទាំងប្រទេស ដោយមានសម្ដេចតេជោ ហ៊ុនសែន ជាអ្នកប្រគល់ពានរង្វាន់ឲ្យ កាលនោះសម្ដេចនៅជា រដ្ឋមន្ត្រីក្រសួងការបរទេស មិនត្រឹមតែប៉ុណ្ណោះទេ លោកស្រីគឺជាមនុស្សតែម្នាក់គត់ដែលបានទទួលពានរង្វាន់ក្នុងឆ្នាំនោះ។

គួរបញ្ជាក់ផងដែរថា ទាំងនេះជាលើកឡើងរបស់លោកស្រី ច័ន្ទ តារាទី ផ្ទាស់តាមរយៈការសាកសួរ ពីសារអេឡិចត្រូនិច Telegram កាលពីពេលថ្មីៗកន្លងទៅនេះ ជាមួយ Media 365 Daily៕

លោកសាស្រ្តាចារ្យ ឆេង ផុន

អត្ថបទដែលជាប់ទាក់ទង