ថុល សុភិទិ ពោលពាក្យចាក់ដោតបែបនេះ ក្រោយមានអ្នកគាំទ្រនិយាយមិនល្អចំពោះគូស្នេហ៍ខ្លួន (មានវីដេអូ )
សិល្ប៖ កាលពីពេលថ្មីៗកន្លងទៅនេះ សង្កេតឃើញថាតារាចម្រៀងល្បីៗជាច្រើនរូបបានបង្ហាញមុខគូស្នេហ៍ ព្រមទាំងប្រកាសអំពីទំនាក់ទំនងស្នេហារបស់ពួកគេដោយបើកចំហ តួយ៉ាងកំពូលតារារ៉េបដ៏ល្បីឈ្មោះលោក វណ្ណដា តារាចម្រៀង Original Song លោក ខាយ និងតារាចម្រៀងសំឡេងផ្អែមលោក នាង ដាវីន ពួកគេបានបើកចំហទំនាក់ទំនងមួយនេះ បើទោះបីជាអាចប្រឈម នឹងការបាត់បង់ប្រជាប្រិយភាពក៏ដោយ ប៉ុន្តែផ្ទុយពីនោះវិញពួកគេ ស្រាប់តែទទួលបានការគាំទ្រ និងប្រជាប្រិយភាពខ្លាំងជាមុខមួយកម្រិតទៀត ។
ពិតណាស់អ្នកគាំទ្រជាច្រើន កំពុងតែចូលរួមអបអរសាទរដល់ Idol របស់ខ្លួនដែលកំពុងតែបង្កាត់ភ្លើងស្នេហ៍ និងតែងតែបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមនានា ជាមួយគ្នានេះដែរ ក៏ស្រាប់តែមានមហាជននាំគ្នាងាកទៅចាប់អារម្មណ៍លើតារាចម្រៀងសំឡេងផ្អែមមួយរូបទៀតគឺលោក ថុល សុភិទិ និងគូស្នេហ៍ ហើយក៏បានលើកយកគូស្នេហ៍របស់តារាចម្រៀងរូបនេះមក ប្រៀបធៀបគ្នា នេះបើយោងតាមរយៈគណនី Facebook របស់គូស្នេហ៍លោក ថុល សុភិទិ បានបង្ហោះសារមួយដោយរៀបរាប់ថា “សង្សាគេសុទ្ធតែក្រមុំ តែសង្សាភិទិមេម៉ាយហើយមានកូនមួយទៀត អរគុណសម្រាប់ការរើសអើងខ្ញុំ ” ។
ដោយបានឃើញមានមតិជាចម្រើនដែលនិយាយមិនល្អ ព្រមទាំងរើសអើងសង្សាខ្លួនបែបនេះ ថុល សុភិទិ មិននៅស្ងៀមក៏បានបង្ហោះរូបភាពជាមួយគូស្នេហ៍ព្រមទាំងភ្ជាប់មកជាមួយសារ ដោយចោទជាសំណួរ និងរៀបរាប់ថា “ មេម៉ាយមិនមែនមនុស្ស ? គាត់មានកូនមួយ គាត់មិនមែនមនុស្សឬ ? ឈ្មោះជាមេម៉ាយ ខុសត្រង់ណា ? គាត់គ្មានសិទ្ធស្រលាញ់អ្នកណាទេមែន ? មួយជីវិតខ្ញុំនេះគិតថា សំណាងហើយដែលមានស្រីមេម៉ាយដ៏ពូកែម្នាក់នេះ ផ្តល់ឱកាសឲ្យខ្ញុំចូលក្នុងជីវិតគាត់ គាត់ផ្ដលក្ដីសុខឲ្យខ្ញុំបានច្រើនណាស់ ” ។