អំពើល្អមិនភ្លេចម្ចាស់មែន! ពេលនេះតារាប្រុសស្រី ៨រូប បានទៅជួបសួរសុខទុក្ខម្ចាស់ផលិតកម្ម KH ហើយ (មានវីដេអូ )
សិល្ប៖ ពិតណាស់នៅពេលកន្លងមក មហាជនពិតជាបានជ្រាបរួចមកហើយជុំវិញរឿងរ៉ាវរបស់លោក តាំង គឹម ហេង ម្ចាស់ផលិតកម្ម KH បានធ្លាក់ខ្លួនលំបាក ក្រខ្សត់ជាងមុន រហូតលក់ទឹកសុទ្ធតាមផ្លូវ និងលក់របស់ផ្សេងៗទៀតនៅតាមអនឡាញដើម្បីបានចិញ្ចឹមក្រពះ។
ដោយក្តីអាណិតអាសូរជាពនពេក ក្នុងនោះមានតារាប្រុស ស្រី ៨រូប បានទៅសួរសុខទុក្ខ និងបានទទួលទានអាហារជុំគ្នាជាមួយ លោក តាំង គឹម ហេង ម្ចាស់ផលិតកម្ម KH ដែលធ្លាប់បានជួយបណ្ដុះបណ្ដាល ព្រមទាំងមានបទចម្រៀងជាច្រើន ដែលធ្លាប់និពន្ធឲ្យតារាចម្រៀងទាំងនោះ បានច្រៀង និងមានការគាំទ្រ មានកេរ្តិ៍ឈ្មោះព្រមទាំងរក្សាបាននូវប្រជាប្រិយភាព មកដល់ពេលបច្ចុប្បន្នថែមទៀត ក្នុងនោះរួមមាន អ្នកនាង ទូច ស្រីលក្ខណ៍ អ្នកនាង យក់ ឋិតរដ្ឋា លោក ឃុំ ប៉ុណ្ណាដេត លោក សាន ផានិត លោក ប៉ែន ចំរុង លោក សាយ សៀងរ៉ា និងលោក គង់ រ៉ាយុទ្ធ ។
គួររំឭកថា អ្នកនាង សុខ ស្រីនាង ក៏ធ្លាប់បានទៅជួបសួរសុខទុក្ខលោក តាំង គឹម ហេង ម្ដងរួចមកហើយបន្ទាប់ពីបានដឹងអំពីសុខទុក្ខ និងជីវភាពរបស់ម្ចាស់ផលិត KH ដែលធ្លាប់បានជួយជ្រំជ្រែងនាងឲ្យមានភាពល្បីល្បាញ នាពេលកន្លងមក។
ហើយជុំវិញនៃការជួបជុំ ទៅសួរសុខទុក្ខលោក តាំង គឹមហេង នេះដែរ លោក ប៉ែន ចំរុង ក៏បានបង្ហោះរូបភាពព្រមទាំងភ្ជាប់មកជាមួយសារថា “ អាហារសាមគ្គីមួយពេលនេះ ១០ឆ្នាំមានប៉ុន្មានដង? ពេលបានជួប ហ៊ា ខ្ញុំមើលមកខ្លួនឯងដូចជាដើរបានឆ្ងាយគួរសម សម្រាប់ក្តីស្រមៃក្នុងវិស័យសិល្បៈ អរគុណដែលហ៊ាបានជួយណែនាំ និងផ្តល់ឱកាសឲ្យប្អូនកន្លងមក បើគ្មានថ្ងៃនោះ ក៏គ្មានថ្ងៃជោគជ័យរបស់ខ្ញុំពេលនេះដែរ” ៕