ពេលនេះអ្នកគប់ទឹកកកដាក់ ជី ដេវិត បានចេញមកសូមទោសហើយ ប៉ុន្តែក៏រងការរិះគន់យ៉ាងចាស់ដៃផងដែរ (មានវីដេអូ )
សិល្ប៖ ក្រោយរកឃើញមុខសញ្ញាអ្នកដែលបានគប់ទឹកកកដាក់ខ្លូនហើយ តារាចម្រៀងរ៉េបល្បីឈ្មោះលោក ជី ដេវិត ក៏បានបង្ហោះសារយ៉ាងវែងអន្លាយមួយ ដោយរៀបរាប់អំពីរឿងរ៉ាវដ៏ហួសចិត្តនេះ និងបានសង្កត់ធ្ងន់ៗ នៅត្រង់ចំណុចមួយថា “ ខ្ញុំជាមនុស្សរឹងមាំគ្រប់បញ្ហា តែខ្ញុំក៏មានបេះដូងឈឺចាប់ និងទង្វើថោកទាបបែបនេះដែរ ដោយហេតុខ្ញុំផ្ទាល់បានជួបរឿងនេះ ខ្ញុំនឹងក្រោកឈរជាសិល្បករម្នាក់ ដើម្បីលុបបំបាត់ការមើលងាយមើលថោក ដល់សិល្បករ និង សិល្បការិនីដ៏ទៃទៀត ក៏ដូចជាក្រោកឈរ ដើម្បីមហាជន និង អ្នកគាំទ្ររបសខ្ញុំ ” ។
ជាមួយគ្នានេះ រសៀលថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៣ម្សិលមិញ បុគ្គលឈ្មោះ ឃី ឆៃឡេង ដែលបានគប់ទឹកកកដាក់ លោក ជី ដេវិត នោះបានចេញមកសូមទោសដល់លោក ជី ដេវិត និងអ្នកគាំទ្ររបស់លោក ដែលខ្លួនបានប្រព្រឹត្តខុសឆ្គង កាលពីយប់ថ្ងៃទី២៩ ចូលថ្ងៃទី៣០កន្លងមក នៅក្នុងផាប់មួយកន្លែង ក្នុងខេត្តព្រះសីហនុ អមដោយរូបភាព និងអកប្បកិរិយាមិនសមរម្យ ហើយលោកក៏សូមទទួលស្គាល់នូវកំហុសខុសឆ្គងទាំងអស់ដែលកើតឡើង និងសូមសន្យាថា មិនឲ្យមានទង្វើរបែបនេះកើតឡើងម្តងទៀតឡើយ ព្រមទាំងបានបញ្ជាក់បន្ថែមថា “ មិត្តនៅរួមតុខ្លួនទាំងអស់ពួកគាត់មិនដឹងរឿងទាំងនេះទេ ” ។
បើទោះបីជាលោក ឃី ឆៃឡេង បានចេញមុខមកសូមទោសលោក ជី ដេវិត ហើយក៏ពិតមែន ប៉ុន្តែក៏មានអ្នកគាំទ្ររបស់តារាចម្រៀងរ៉េបរូបនេះនៅតែមិនពេញចិត្ត ព្រមទាំងបានលើកឡើងថា ពួកគេមិនទទួលយកនូវការសូមទោសរបស់លោក ឃី ឆៃឡេង ជាដាច់ខាត និងស្នើឲ្យធ្វើតាមផ្លូវច្បាប់ ព្រោះនេះជាទង្វើរ អសិលធម៌បំផុតសម្រាប់សិល្បករកម្ពុជា៕