មួយរយៈចុងក្រោយនេះ ក្រុមលោកពាក់មី ដូចជាដើរអុកឡុកគ្រប់កន្លែងពេកហើយ! (មានវីដេអូ)


លោក ចែម ចាន់តារា ហៅ ពាក់មី ជាកំពូលតារាកំប្លែងប្រចាំប្រទេសកម្ពុជា និងទទួលបានប្រជាប្រិយភាពលើសលប់ រហូតកប់បាត់ក្រុមតារាកំប្លែងជើងចាស់ល្បីៗ ឈឹងតែម្ដង ជាពិសេសក្រុមនាយកុយ និងនាយក្រឹម ប៉ុន្តែលោក ពាក់មី ហាក់មិនសូវខ្វល់ខ្វាយពីប្រជាប្រិយភាពដូចអ្នកជំនាន់មុននោះទេ ដោយតារាកំប្លែងរូបនេះ មានសកម្មភាពធ្វើនេះធ្វើនោះ សូម្បីតែដើរចាប់ក្តាម ចាប់ត្រីតាមវាលស្រែក៏លោកអាចទៅរួចដែរ និងប្លែករហូតតែម្ដង។

ហើយអ្វីដែលគួរឲ្យកត់សំគាល់មួយរយៈចុងក្រោយនេះ លោក ពាក់មី និងបក្សពួក ដែលមានទាំងតារាកំប្លែងរួមទ្រនំ មានទាំងប្អូនៗរបស់លោកផ្ទាល់ ទាំងតារាចម្រៀង តារាសម្តែង អ្នកសិល្បៈគ្រប់ទម្រង់ បានប្រជុំគ្នាធ្វើរឿងមួយនេះ និងបានដើរអុកលុកស្ទើតែគ្រប់កន្លែងហើយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ប៉ុន្តែរឿងនោះមិនជាអាក្រក់អ្វីនោះទេ ផ្ទុយទៅវិញ គឺបានចូលរួមចំណែកជួយដល់កុមារកម្ពុជា បន្តការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាដោយឥតគិតថ្លៃផងដែរ។

ដោយកំពូលតារាកំប្លែងរូបនេះ បានបង្កើតនូវក្រុមបាល់ទាត់មួយ មានឈ្មោះថា “ផ្ការីកគ្រប់រដូវ” ក្រុមនេះកំពុងអុកលុកគ្រប់ទីកន្លែង និងជួបគូប្រជែងខ្លាំងៗ ជាច្រើនក្រុមមកហើយ ប៉ុន្តែមិនទាន់មានក្រុមណាមួយអាចផ្តូលឲ្យក្រុមផ្ការីកគ្រប់រដូវរបស់លោកពាក់មីនេះ រងការបរាជ័យដោយអាមាស់នៅឡើយទេ ឃើញតែក្រុមលោកឈ្នះជាបន្តបន្ទាប់ ខណៈធ្លាប់ជួបក្រុមលោកគ្រូ អេភូថង ក្រុមផាន់រ៉ុង ក្រុមជីងចក់ ក្រុមកែវរំចង់ និងជាពិសេសនោះគឺប្រកួតមិនរើសមុខ សូម្បីជាមួយលោកស្រី ខាត់ សុខឃីម ក៏ក្រុមផ្ការីកគ្រប់រដូវអាចធ្វើបានដែរ សូមសរសើរតែម្ដង។

គួររំឭកថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ លោកពាក់មី ក៏បានឃោសនាលក់សំបុត្រចូលទស្សនាការប្រកួតរវាងក្រុមរបស់លោក និងក្រុម ខ្ញុំស្រលាញ់កំពង់ស្ពឺ ទៀតហើយ ដោយការប្រកួតធ្វើឡើងនៅកីឡដ្ឋានបាល់ទាត់ខេត្តកំពង់ស្ពឺផ្ទាល់ និងចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍ និងសរសើរដែរនោះ គឺប្រកួតលើកណាក៏មានអមដោយស្រីស្អាតដែរ យុទ្ធសាស្ត្រអញ្ជឹងសោះ ទើបសំបូរអ្នកទៅគាំទ្រណាស់៕

អត្ថបទដែលជាប់ទាក់ទង