ពិតទេ ការប្រគុំតន្ត្រី BLACKPINK នៅហាណូយត្រឹមពីរថ្ងៃ ចំណូលបានជាង ២៦លានដុល្លារ?

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNEXPRESS នាពេលកន្លងទៅនេះបានឲ្យដឹងថា សកម្មភាព នៃការប្រគុំតន្ត្រីទេសចរណ៍ចំនួនពីរថ្ងៃរបស់ក្រុម BLACKPINK ជាលើកដំបូង​នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកក្កដានេះ ទទួលបានប្រាក់ចំណូលសរុប​ ៦៣០ពាន់លានដុង ឬជាង ២៦លានដុល្លារអាមេរិក។

តាមរយៈប្រភពដដែលនេះបានឲ្យដឹងថា នៅក្នុងការប្រគំតន្ត្រីមួយនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានភ្ញៀវទេសចរណ៍ជាង ៧ម៉ឺននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិជាង ៣០០០០នាក់ផងដែរ ហើយភ្ញៀវទាំងនោះភាគច្រើនគឺ ប្រជាជនចិនមានអត្រាខ្ពស់ជាងគេ និងបន្ទាប់មក​មានកាណាដា ហុងកុង អូស្ត្រាលី ថៃ តៃវ៉ាន់ ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី និងហ្វីលីពីន យ៉ាងណាមិញមិនបានបញ្ជាក់ពីប្រជាជនខ្មែរនោះទេ។

ជាមួយគ្នានេះដែរ មន្ទីរទេសចរណ៍ទីក្រុងហាណូយក៏បានវាយតម្លៃថា កម្មវិធីនេះទទួលបានជោគជ័យខ្លាំង និងបានស្នើគណៈកម្មាធិការប្រជាជនទីក្រុងនេះដឹកនាំអង្គភាពពាក់ព័ន្ធ ជួយឧបត្ថម្ភដល់ធុរកិច្ច ដែលមានលទ្ធភាពផ្នែកហិរញ្ញវត្ថុ និងម៉ាកយីហោកិត្យានុភាពអន្តរជាតិ ដើម្បីរៀបចំព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ លំដាប់អន្តរជាតិក្នុងតំបន់​នេះបន្តទៀត។

គួររំឭកថា មូលហេតុដែលព្រឹត្តិការណ៍ប្រគំតន្ត្រី BLACKPINK ទទួលបានចំណូលច្រើនដូច្នេះ ព្រោះនៅក្នុងអំឡុងពេលពីរថ្ងៃនោះ តាមរបាយការណ៍បញ្ជាក់ថា មានភ្ញៀវទេសចរណ៍បានធ្វើដំណើរកម្សាន្តក្នុងទីក្រុងដោយជិះរថយន្តក្រុងពីរជាន់បានកើនឡើងយ៉ាងខ្លាំងជាងសព្វដង ដោយកំណើននោះកើនឡើងចន្លោះ ១៥ % នៃថ្ងៃមុនកម្មវិធីនោះ ខណៈកន្លែងស្នាក់នៅកើនឡើងជិត ២០% បើប្រៀបធៀបទៅនិងឆ្នាំ ២០២២ និងកំណើនផ្នែកសេវាផ្សេងៗ ជាច្រើនទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង