អាជ្ញាធរឃាត់ខ្លួនអតីតនារីបម្រើការលើយន្តហោះម្នាក់ពីបទជួញដូរសេវាផ្លូវភេទ ដល់អតិថិជនលំដាប់ៗ ក្នុងតម្លៃ… (មានវីដេអូ )
សិល្ប៖ ថ្មីៗនេះ អាជ្ញាធរក្រុងហូជីមិញ បានឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ ដែលជាអតីតនារីអ្នកបម្រើការលើយន្តហោះ ដោយចោទពីបទជួញដូរសេវាផ្លូវភេទ តាមរយៈការធ្វើជាឈ្មួញកណ្តាល ល្បួងនូវមិត្តភក្តិដែលជានារីបម្រើការលើយន្តហោះដូចគ្នា និងតារាម៉ូដែលជាច្រើននាក់ទៀត។
តាមប្រភពព័ត៌មានបានចុះផ្សាយកាលពីថ្មីៗនេះបានឲ្យដឹងថា ស្ត្រីរូបនោះមានឈ្មោះថា នាង វ៉ូធី ម៉ាយហាន់ (Vo Thi My Hanh) អាយុ ២៦ឆ្នាំ ជាអតីតអ្នកបម្រើការលើយន្តហោះ មានទំនាក់ទំនងជិតស្និទ្ធជាមួយមិត្តភក្តិនាង ដែលជាអ្នកបម្រើការដូចគ្នា កំពុងនៅបម្រើការនោះ ហើយណែនាំពួកគេផ្តល់សេវាកម្មផ្លូវភេទដល់អតិថិជន លំដាប់ៗ ដែលមានទំនាក់ទំនងជាមួយនាង។
ប្រភពដដែលបានឲ្យដឹងថា នាងហាន់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសបានឆ្មក់ចូលសណ្ឋាគារមួយកន្លែង ស្ថិតនៅ នៅផ្លូវ Le Thi Rieng ទីក្រុងហូជីមិញ កាលពីយប់ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ និងបាននាំខ្លួនស្ត្រី ០៤នាក់ផ្សេងទៀត ដែលកំពុងផ្តល់សេវាផ្លូវភេទដល់ភ្ញៀវ។ ក្នុងចំណោមនោះ ០៣នាក់ ជាអ្នកបម្រើលើយន្តហោះ និងម្នាក់ទៀតជាតារាបង្ហាញម៉ូដរបស់វៀតណាមផងដែរ។
ក្រោយចាប់ឃាត់ខ្លួនស្ត្រីទាំងនោះ បាននិយាយដូចៗគ្នាថា នាងហាន់ បានសុំពួកគេឲ្យចូលរួមអាជីវកម្មមួយនេះ ដោយពួកគេ បានគិតប្រាក់ ១០០០ដុល្លារ ក្នុងមួយប្រតិបត្តិការ និងតម្លៃ ៣០០០ដុល្លារអាមេរិក ប្រសិនបើអតិថិជនចង់បានរយៈពេលមួយយប់ ហើយនាងហាន់ បានដកយក ៧លានដុង ប្រមាណ (ជិត៣០០ដុល្លារអាមេរិក) ក្នុងមួយដង ដែលជាថ្នូរថ្លៃឈ្មួញកណ្តាល ហើយប៉ូលិសបាននិយាយថា នាងហាន់ អាចរកចំណូលបានចន្លោះ ១ពាន់លានដុង ឬជាង ៤២,០០០ដុល្លារអាមេរិក ពីមុខមួយនេះផងដែរ ។
អាជ្ញាធរស៊ើបអង្កេតលើរឿងនេះបានរកឃើញថា ស្ត្រីខាងលើ បានផ្សព្វផ្សាយសេវាកម្មរបស់នាង នៅលើបណ្តាញសង្គមធ្វើ ជាស្ត្រីជោគជ័យ ដោយបង្ហោះរូបថតរបស់នាង ទិញរបស់ប្រណិតៗ និងធ្វើដំណើរទៅកាន់កន្លែងល្បីៗ ជាដើម ដោយនាងបានចាត់ទុកខ្លួនឯងថា ជាមនុស្សគំរូ ហើយនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់នាងមានអ្នកតាមដានជាង ៣០០,០០០នាក់ ។
ប្រភពនេះបានបញ្ជាក់ថា នៅពេលចាប់ខ្លួនស្ត្រីឈ្មួញកណ្តាលខាងលើនេះ នាងកំពុងគ្រប់គ្រងស្ត្រីបម្រើផ្លូវភេទ ប្រហែល ៣០នាក់ផ្សេងទៀត ដែលភាគច្រើន ជាអ្នកបម្រើលើយន្តហោះ និងតារាម៉ូដែល ចំណែកភ្ញៀវរបស់នាងភាគច្រើន មកពីទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្តដែលមានព្រំប្រទល់ជាប់ទីក្រុងហូជីមិញ ដោយបុរសទាំងនោះ បានទាក់ទង នាង តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយនាងនឹងរៀបចំសេវាកម្ម ដែលត្រូវផ្តល់ជូននៅតាមសណ្ឋាគារ និងរមណីយដ្ឋាននានាក្នុងទីក្រុងហូជីមិញតែម្ដង។
គួរបញ្ជាក់ថា ស្ត្រីរូបនេះមានរថយន្តទំនើប សម្រាប់ដឹកស្ត្រីទាំងនោះ ទៅនិងមកពីកន្លែងរកស៊ីផ្លូវភេទ ជាងនេះទៅទៀតនាងក៏បានផ្តល់សេវាកម្មដោយខ្លួនឯងដែរ។ ទោះជាបែបនេះក្តី ការធ្វើពេស្យាចារ ត្រូវបានគេចាត់ទុកថា ជាដ៏អំពើអាក្រក់ក្នុងសង្គម ហើយការជួញដូរផ្លូវភេទនេះ នៅក្នុងប្រទេសវៀតណាមក៏ជាបទល្មើសព្រហ្មទណ្ឌផងដែរ៕