ក្រោយលោក សុះ ម៉ាច រិះគន់ចំៗ ស្រាប់តែថ្ងៃនេះអតីតកីឡាករ បឺត សំរេច វិលចូលហាត់ប្រដាល់វិញ
កាលពីប៉ុន្មានថ្ងៃមុននេះ លោក សុះ ម៉ាច ដែលជាតារាចំរៀងដ៏មានប្រជាប្រិយភាពនៅកម្ពុជា និងជាកូនប្រុសបង្កើតលោក សុះ ម៉ាត់ អ្នកចម្រៀងជំនាន់ទស្សវត្ស ៦០ ជំនាន់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និងជាអ្នកដែលមានទំនាក់ទំនងជិតស្និតជាមួយក្រុមគ្រួសារតារាចម្រៀងជំនាន់ដើមរូបនេះផងដែរ ដោយលោក សុះ ម៉ាច បានរិះគន់ចំៗ និងខកចិត្តជាខ្លាំងចំពោះលោក បឺត សំរេច ដែលកន្លងមក ធ្លាប់និយាយប្រាប់លោក និងអ្នកឧកញ៉ា សៀង ណាំ ថា ក្រុមគ្រួសារ លោក ស៊ិន ស៊ីសាមុត ធ្លាប់ទាមទារលុយ ២ម៉ឺនដុល្លារអាមេរិក ដើម្បីជាថ្នូរនិងការពិនិត្យ DNA ដើម្បីបញ្ជាក់ថា អតីតអ្នកប្រដាល់រូបនេះ ពិតជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាសឬក៏អត់។
យ៉ាងណាមិញ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ស្រាប់តែលោក សុះ ម៉ាច បានជួបលោកយាយថង ញ៉ុត និងកូនស្រីច្បង របស់លោក ស៊ិន ស៊ីសាមុត ដោយផ្ទាល់ ខណៈលោកទាំងពីរបានឡើងមកភ្នំពេញ និងក៏បានសួរនាំអំពីរឿងរ៉ាវ បឺត សំរេច និងសួរអំពីការទាមទារថវិកា ២ម៉ឺនដុល្លារជាថ្នូរនិងការពិនិត្យ DNA នោះជាការពិតឬយ៉ាងណា ប៉ុន្តែត្រូវបានលោកស្រី ស៊ីន យុទ្ធណា ដែលជាកូនស្រីសាច់បង្កើតតែម្នាក់ដែលអាចធ្វើ DNA នោះ បានបដិសេដថា មិនដែលស្គាល់ សូម្បីតែលេខទូរស័ព្ទបឺតសំរេចផង តើឲ្យគាត់ខលទៅលោក បឺត សំរេច ដោយរបៀបណា?
បញ្ហានេះ បើយោងតាមឃ្លីបវីដេអូលោក សុះ ម៉ាច បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលមានជាប់លោកយាយ ថង ញ៉ុត និងកូនស្រីបង្កើតលោកស៊ិន ស៊ីសាមុត ផ្ទាល់ដែរនោះ លោក សុះ ម៉ាច ហាក់បង្ហាញអារម្មណ៍ខកចិត្តខ្លាំង ដែលកន្លងទៅធ្លាប់ជឿលើ បឺត សំរេច និងក៏ចង់ឲ្យមានការពិនិត្យ DNA ដើម្បីឲ្យដឹងច្បាស់ស.ខ្មៅទាំងអស់គ្នាដែរ ប៉ុន្តែនៅពេលទទួលបានព័ត៌មានពីក្រុមគ្រួសារ លោក ស៊ិន ស៊ីសាមុតផ្ទាល់ លោកហាក់មានការចិត្តខឹងខ្លាំង និយាយទាំងញ៉រដៃ និងខកចិត្តលើអតីតកីឡាកររូបនេះជាខ្លាំងផងដែរ។
គួររំឧឭកថា ទោះជារឿងរ៉ាវខាងលើនេះ កំពុងផ្ទុះការវ៉ែកញ៉ែកជាថ្មី អំពីអតីតកីឡាករ បឺត សំរេច ពីសំណាក់លោកសុះ ម៉ាច ក៏ដោយ តែក្រលេកមកមើល បឺត សំរេច វិញ ពេលនេះកំពុងវិលចូលហាត់វិញនៅក្លិបប្រដាល់ឡុងសាលវន្ត ដែលហាក់បង្ហាញឲ្យឃើញថា មិនចាប់អារម្មណ៍នៅការរិះគន់ឡើយ និងលោកថា ពេលនេះចូលហាត់វិញហើយ បើត្រូវគីឡូក៏វាយដែរ ខណៈការងារសិល្បៈក៏នៅតែបន្ត។ នេះបើយោងតាមរយៈវីដេអូឃ្លីបមួយរបស់លោកតាន់ ចន្ថា អ្នកយកព័ត៌មានសិល្បៈ និងគុនខ្មែរ ឯករាជ្យ បានបង្ហោះលើផេករបស់ខ្លួននៅព្រឹកថ្ងៃទី៦ ខែកញ្ញា ២០២៣នេះ។
យ៉ាងណាមិញ ជុំវិញរឿងលោក បឺត សំរេច នេះ មហាជនក៏បានសុំចិត្ត អ្នកដែលពាក់ព័ន្ធទាំងអស់ មេត្តាឈប់បន្តភាពចលាចល់ដល់សង្គមខ្មែរទៀតទៅ ហើយបើអាចស្នើសុំឲ្យពិនិត្យ DNA ឲ្យច្បាស់លាស់តែម្ដងទៅ ដើម្បីឲ្យដឹងសខ្មៅច្បាស់ទាំងអស់គ្នា ថាតើលោក បឺត សំរេច រូបនេះ ពិតជាកូនប្រុសអធិរាជ សំឡេង មាស ស៊ិន សាមុត មែន ឬក៏ប្រឌិតឡើង ដើម្បីបំពុលសង្គមឬក៏យ៉ាងណា ឲ្យប្រាកដនោះ?