អតីតតារាចម្រៀងម្ចាស់ពានលេខ១ ប៊ុត សីហា ត្រូវបាននគរបាលឃាត់ខ្លួនជាថ្មី លើបទល្មើសគ្រឿងញៀនដដែល (មានវីដេអូ )



សិល្ប៖
ម្ចាស់ជ័យលាភីលេខ១ កម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១ លោក ប៊ុត សីហា រួមជាមួយបក្ខពួកម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនជាមួយវត្ថុតាង មានគ្រឿងញៀនមួយចំនួន បច្ចុប្បន្នកំពុងកសាងសំណុំរឿងចាត់ការបន្ត។

ការឃាត់ខ្លួនតារាចម្រៀង ប៊ុត សីហា និងបក្ខពួកនេះ បានធ្វើឡើងកាលពីម្សិលមិញ វេលា ម៉ោង ០៤ និង១០ នាទីរសៀលថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បើតាមនគរបាលស្រុកគងពិសីបានឱ្យដឹងថា កម្លាំង នគរបាល ស្រុក គងពិសីបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន បានចំនួន ២នាក់ ៖
ទី ១-ឈ្មោះ ឆន វល្លិន ភេទ ប្រុស អាយុ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី និងទី ២-ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ ២៩ឆ្នាំ (ដែលគេស្គាល់ច្បាស់ថាជាអ្នកចម្រៀងប្រឡង ជាប់លេខ១ ក្នុងកម្មវិធីទូរទស្សន៍ល្បីមួយ) រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបាននិយាយបន្តទៀតថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបាន គឺកម្លាំងនគរបាលស្រុកល្បាតតាមមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យទាំងពីរនាក់ មានការសង្ស័យសួរនាំឆែកឆេរ ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់ ក្នុងនោះ (៣តូច និង២មធ្យម) ទូរស័ព្ទ៣ គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅតារាចម្រៀង ប៊ុត សីហា ក៏ធ្លាប់បានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ និងករណីប្រើប្រាស់គ្រឿងញៀនម្ដងរួចមកហើយ ដែល ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈរូបលោកបានទៅទិញគ្រៀងញៀន ដើម្បីជក់ ប៉ុន្តែត្រូវបានអាណាព្យាបាល និងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន ដោយឡែកមកដល់នាពេលបច្ចុប្បន្ននេះវិញ តារាចម្រៀង ប៊ុត សីហា នៅតែបន្តធ្វើសកម្មភាពបែបនេះដដែល ជាមួយគ្នានេះដែរក៏មានមហាជនជាច្រើន ជាពិសេស Fan របស់តារាចម្រៀងរូបនេះផ្ទាល់ បាននាំគ្នាសម្ដែងនូវអារម្មណ៍សោកស្ដាយចំពោះសមត្ថភាព និងទេពកោសល្យដែលលោកមានជាខ្លាំង មិនគួរណាលង់ខ្លួនទៅពាក់ព័ន្ធនឹងគ្រឿងញៀនបែបសោះ ៕

អត្ថបទដែលជាប់ទាក់ទង