ធ្លាប់ឈរកំពូលតារាងនៅលើទីផ្សារ ពេលនេះ ក្រុមហ៊ុន Nokia បែរជាត្រៀមបញ្ឈប់បុគ្គលិកចំនួន ១ម៉ឺន ៤ពាន់នាក់បន្ថែមទៀត ក្រោយចំណូលធ្លាក់ចុះខ្លាំង

ក្រុមហ៊ុនទូរគមនាគមន៍ហ្វាំងឡង់ Nokiaបានប្រកាសថាខ្លួននឹងកាត់បន្ថយបុគ្គលិករហូតដល់ ១៤,០០០នាក់បន្ថែមដែលជាផ្នែកនៃផែនការសន្សំសំចៃថ្មី បន្ទាប់ពីការលក់ក្នុងត្រីមាសទី៣ បានធ្លាក់ចុះខ្ទង់
២០ភាគរយ ដោយសារការលក់ឧបករណ៍ 5G មានកំណើនយឺតនៅក្នុងទីផ្សារមួយចំនួនដូចជាអាមេរិកខាងជើងជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ។

លោក Pekka Lundmark នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nokia បាននិយាយថា ការកាត់បន្ថយការងារគឺចាំបាច់ដើម្បីធានាបាននូវការប្រកួតប្រជែងរយៈពេលវែងទៅមុខទៀតរបស់ក្រុមហ៊ុន ។ លោកមានប្រសាសន៍ថា ក្រុមហ៊ុនកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនរួមទាំងការកើនឡើងនៃការប្រកួតប្រជែងពីក្រុមហ៊ុនចិន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកព្រមទាំងការរីករាលដាលនៃជំងឺកូវីដ-១៩កន្លងទៅនេះ។

គួររំឭកថា Nokia មិនមែនជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់ដែលកំពុងប្រឈមមុខនឹងបញ្ហាខាតបង់ប្រាក់ចំណេញនោះទេ។ ជាក់ស្តែងនៅមានក្រុមហ៊ុនផ្សេងទៀតដូចជា Ericsson និង Huawei ក៏បានប្រកាសកាត់បន្ថយបុគ្គលិកនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង