ចម្លើយដ៏មានអត្ថន័យរបស់ អ្នកនាង ស្រួង ភាវី ដែលមិនព្រមធ្វើផ្ទះវីឡា ហើយសុខចិត្តជួយធ្វើផ្ទះឲ្យប្រជាជនខ្មែរក្រលំបាក

សិល្ប៖ កីឡាការិនី ស្រួង ភាវី បានទទួលមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ លើវិញ្ញាសា ប៊ីយ៉ាការ៉ុម៣ បាំង (3-Cushion Carom)ក្រោយ ប្រកួតឈ្នះ កីឡា ការិនីវៀតណាម ក្នុងពិន្ទុ២៥ ទល់នឹង២០ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៊ីអន ម៉ល ២សែនសុខ ជាន់ទី៣ ។ ចំពោះទឹកចិត្តដែលស្រលាញ់ជាតិមាតុភូមិ គឺបានជំរុញឲ្យអ្នកនាងខិតខំព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីលើកតម្កើងមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ។

តាមរយៈការជោគជ័យមួយនេះ និងផ្សេងៗទៀតបានធ្វើឲ្យអ្នកនាង ស្រួង ភាវី មានឈ្មោះបោះសំឡេង និងធ្វើឲ្យប្រជាជនកម្ពុជាមានមោទកភាពលើអ្នកនាងជាខ្លាំង ព្រោះជារឿយៗអ្នកនាង តែងតែលេចវត្តមានចុះជួយប្រជាពលរដ្ឋខ្មែរដែលទីទាល់ក្រ និងក្នុងមូនិធិ ក៏ដូចជាគម្រោងសប្បុរសធម៌ធំៗជាច្រើននៅកម្ពុជា។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អ្នកនាង ស្រួង ភាវី បានបង្ហោះរូបភាពមួយសន្លឹក និងភ្ជាប់មកជាមួយសារដោយរៀបរាប់ថា«គេសួរខ្ញុំថា ផ្ទះភាវីប៉ុនណា? ខ្ញុំប្រាប់ថា ផ្ទះខ្ញុំប៉ុណ្ណឹង ! គេសួរទៀតថា ឃើញតែដើរចែកអំណោយ ផ្ទះប៉ុណ្ណឹងទេ? ខ្ញុំតបថាផ្ទះប៉ុណ្ណឹងហើយចង់បានប៉ុនណាទៀត? ថ្ងៃមួយនោះ ខ្ញុំសួរឪពុកខ្ញុំថា ខ្ញុំផ្អាកធ្វើកិច្ចការសប្បុរសធម៌ធំៗ យកលុយមកធ្វើផ្ទះឲ្យធំជូនពុកម៉ែវិញ? ឪពុកខ្ញុំឆ្លើយថា ជាង៤០ ឆ្នាំហើយពុកនៅផ្ទះនេះ ហើយចិញ្ចឹមកូនទាំងអស់គ្នាបានធំធាត់ ឲ្យបានរៀនសូត្រ រៀបចំកូនៗឲ្យមានគ្រួសារ និងមានជីវភាពសមល្មមអាចចូលក្នុងសង្គមគេបាន ពុកគិតថា ផ្ទះយើងប៉ុណ្ណេះអាចឲ្យពុក និងម៉ែឯង ស្នាក់អាស្រ័យនៅបានរហូតដល់៣០ទៅ ៤០ឆ្នាំទៀត ដោយគ្មានបញ្ហាឡើយ កូនឃើញហើយផ្ទះដែលតូចជាងយើងមានច្រើនណាស់ ដូច្នេះយើងគិតតែពីធ្វើផ្ទះវីឡាសម្រាប់ខ្លួនឯង តើមានពេលឯណាទៅជួយធ្វើផ្ទះប្រជាជនដែលកំពុងតែលំបាកជាងយើងរាប់សិបដងបាន»។

តាមរយៈសារដែលបានរៀបរាប់ខាងលើនេះ បានធ្វើឲ្យមហាជនកោតសរសើរ និងស្ញប់ស្ញែងចំពោះទឹកចិត្ត របស់គ្រួសារអ្នកនាង ស្រួង ភាវី ដែលមានឪពុកម្តាយមានទឹកចិត្តដ៏ប្រពៃ ទើបធ្វើកូនៗដើរតាមគន្លងដ៏ល្អបែបនេះ។

អត្ថបទដែលជាប់ទាក់ទង