ទីបំផុត នេន ទុំ រកបានទ្រនំថ្មីហើយ ខណៈធ្លាប់បានផលិតកម្មចំនួន ៦ បដិសេធ



សិល្ប៖​
ជាការកត់សម្គាល់​នៅមួយរយៈចុងក្រោយនេះសង្កេតឃើញថា តារាចម្រៀងលោក នេន ទុំ បានជួបនូវបញ្ហាជាច្រើននៅក្នុងជីវិត និងអាជីពសិល្បៈរបស់លោក បើទោះបីជាលោកបានខិតខំប្រឹងប្រែង បញ្ចេញ​ស្នាដៃ​បទ​ចម្រៀង​ថ្មីៗអស់ពីសមត្ថភាពរបស់លោកក្ដី ក៏ប៉ុន្តែហាក់មិនសូវទទួលបានការគាំទ្រពីសំណាក់មហាជនប៉ុន្មាននោះទេ ទើបជារឿយលោកតែងតែចេញមកស្នើរឲ្យមហាជនជួយគាំទ្រស្នាដៃបទចម្រៀងថ្មីៗរបស់លោកផងដែរ ។

យ៉ាងណាមិញកាលពីពេលកន្លងទៅថ្មីៗនេះ លោក នេន ទុំ បានឡាយនិយាយពីបញ្ហាដែលលោកបានជួបប្រទះ ដោយបានលើកឡើងពីបុគ្គល​មួយ​ចំនួន​ហាក់​មិនសូវ​ពេញចិត្ត​លើ​រូបលោក​ឡើយសម្រាប់ការចេញបទចម្រៀងថ្មី ដែលបទចម្រៀងនេះគឺលោកបានផលិតចេញពីចិត្ត និងអារម្មណ៍របស់លោក ហើយអ្វី​ដែល​ធ្វើឲ្យលោក នេន ទុំ កាន់តែហួសចិត្ត​ទៀត​នោះ បែរជាត្រូវ​រង​ការ​ប្រមាថ​លើ​ទេពកោសល្យ​ចម្រៀង​របសល់លោកទៅវិញថែមទាំងថាលោក គឺជា​តារា​ចម្រៀង​គ្មាន​សមត្ថភាព និង​ស្រែៗថែមទៀត បន្ថែមពីនោះទៀតលោក នេន ទុំ ក៏បានឲ្យដឹងផងដែរថា លោកធ្លាប់បានយកបទចម្រៀងដែលលោកនិពន្ធនោះទៅកាន់ផលិតកម្មចំនួន ៦ មកហើយ ប៉ុន្តែក៏ត្រូវបានគេបដិសេធទាំងអស់ ។

ដោយឡែកនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៤ នេះ មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គម និងអ្នកគាំទ្ររបស់តារាចម្រៀងលោកនេន ទុំ បានសម្ដែងនូវការអបអរសាទរដល់ idolរបស់ខ្លួន ក្រោយបានឃើញលោកទើបតែចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា«Drunk In Love »​ ដែលបង្ហោះដោយផលិតកម្ម Galaxy Navatra ដែលអាចកត់សម្គាល់បានថាលោក នេន ទុំ គឺបានក្លាយជាតារាចម្រៀងរបស់ផលិតកម្មមួយនេះហើយ ៕

អត្ថបទដែលជាប់ទាក់ទង