ទីបំផុត ទេព បូព្រឹក្ស សម្រេចបំណងដែលបានថត​ MV នៅលើដែនយសោធរ



សិល្ប៖
នៅដើមឆ្នាំ ២០២៤ នេះតារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បានសម្រេចបំណងថត​ MV នៅលើដែនយសោធរ ដែលរូបនាងតែងតែប្រាថ្នាចង់ថតមកជាយូរមកហើយ ពោលកាលពីអំឡុងចុងខែកញ្ញាឆ្នាំ ២០២៣ កន្លងទៅ ទេព បូព្រឹក្ស បានលើកឡើងថា បើសិនជាផ្ដល់ឱកាសឲ្យនាងថត MV បទ ទេវរាជ និង មហានគរ នៅប្រាសាទអង្គរវត្តនោះ នឹងមិនធ្វើឲ្យអ្នកគាំទ្រ និងប្រជាជនខ្មែរទាំងអស់ខកបំណងនោះទេ តាមរយៈការលើកឡើងរបស់ ទេព បូព្រឹក្ស នេះដែរ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកសិល្បៈ និងមហាជនអ្នកគាំទ្រថែមទាំងស្នើទៅកាន់ក្រសួងពាក់ព័ន្ធ ដើម្បជួយសម្រួលក្នុងការថត MV ផងដែរ ។

ជាក់ស្ដែងនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ ម្សិលមិញនេះ មហាជនអ្នកគាំទ្របានសម្ដែងនូវក្ដីរំភើប និងអបអរសាទរដល់ ទេព បូព្រឹក្ស ដែលបានសម្រេចបំណងប្រាថ្នាថត MV បទ ទេវរាជ របស់នាង នៅលើដែនយសោធរ ក្នុងនោះ ទេព បូព្រឹក្ស ក៏បានបង្ហោះវីដេអូ និងភ្ជាប់មកជាមួយសំណេរដែលបង្ហាញពីអារម្មណ៍ដែលខ្លួនថា « ជាបំណងប្រាថ្នាជាការរង់ចាំថ្ងៃនេះក៏បានមកដល់ ផ្ទាំងទស្សនីយភាពនៃបទ ទេវរាជ ដោយលើកនេះពួកយើងបានមកឈរជើងនៅទីតាំងនៃ បុព្វបុរស ដ៏មហារុងរឿង ដើម្បីបង្ហាញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយសម្រាប់បងប្អូន »។

បន្ថែមពីនោះ ទេព បូព្រឹក្ស ក៏បានបញ្ជាក់ផងដែរថា ចំពោះការរៀបចំថត MV បទ ទេវរាជ នៅលើដែនយសោធរនេះគឺចាប់ផ្ដើមថតពីថ្ងៃទី ១៦ រហូត ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ ទន្ទឹមគ្នាអ្នកគាំទ្រក៏កំពុងរង់ចាំទស្សនា MV បទ ទេវរាជ របស់ ទេព បូព្រឹក្ស នេះយ៉ាងអន្ទះសារផងដែរ ។​

អត្ថបទដែលជាប់ទាក់ទង