ម៉ៃ សុគន្ធ ត្រូវបានសមត្ថកិច្ចចាប់វា.យខ្នោះ បន្ទាប់ពីព្យាយាមបើករថយន្តគេចក្នុងស្ថានភាពស្រវឹង រហូតបង្កឱ្យមានគ្រោះថ្នា.ក់ចរា.ចរណ៍

កាលពីយប់វេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ចំណុចមុខវត្តទឹកថ្លា មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានផ្ទុះការភ្ញាក់ផ្អើលមួយដោយលោក ម៉ៃ សុគន្ធ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ប្រដេញចាប់វាយខ្នោះបន្ទាប់ពីលោក ម៉ៃ សុគន្ធ បើកបររថយន្ដក្នុងស្ថានភាពស្រវឹង ហើយព្យាយាមបើកគេចពីគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអាល់កុលរហូតបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងអ្នករងរបួសចំនួន៣នាក់ ។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានដាក់គោលត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុលនៅចំណុចផ្លូវផ្សារបឹងបៃតង ខណ្ឌសែនសុខ។ ក្រោយមកក៏មានរថយន្តម៉ាក LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បើកចូលគោលដៅត្រួតពិនិត្យ ហើយសមត្ថកិច្ចក៏បានហៅឱ្យចូលដើម្បីត្រួតពិនិត្យ ប៉ុន្តែរថយន្តខាងលើមិនបានចូលតាមការសម្របសម្រួលរបស់សមត្ថកិច្ចនោះទេ បែជាបើកបំបុកប៉ារ៉ាស់របស់សមត្ថកិច្ច និងព្យាយាមបើករត់គេចពីគោលដៅត្រួតពិនិត្យ រួចបើករត់ដល់ផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៏ជ្រុលទៅបុកម៉ូតូកង់បី២គ្រឿង និងរបាំងថ្មបាក់ចំនួន៣កង់ និងបណ្ដាលឱ្យមនុស្ស៣នាក់រងរបួស។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចដែលដេញតាមពីក្រោយបានឃាត់ខ្លួន និងវាយខ្នោះអ្នកបើករថយន្តដែលគេស្គាល់ថាជាលោក ម៉ៃ សុគន្ធ ដើម្បីសួរនាំ និងអនុវត្តតាមនិតិវិធី។ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ វាស់វែង យកទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង