នៅតែខ្លាំង ! អបអរសាទរទូកង នរិន្ទរង្សី ពិជ័យចិត្របុត្រ ដណ្ដើមបានជ័យលាភីលេខមួយជាថ្មីម្ដងទៀត
បន្ទាប់ពីការប្រកួតទូកវែងប្រពៃណីយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃកន្លងមកនេះ នៅទីបំផុតបានរកឃើញម្ចាស់ជ័យលាភីលេខមួយហើយដែលបានទៅលើទូកង «នរិន្ទរង្សី ពិជ័យចិត្របុត្រ»របស់វត្ត ឯករង្សី និងចំណាត់ថ្នាក់លេខ២ បានទៅលើ ទូកង«អ្នកឧញ៉ា ភួ ពុយ សុវណ្ណរាជសីហ៍បារមី បន្ទាយមហានគរ » របស់ អ្នកឧញ៉ា ភួ ពុយ ចំណាត់ថ្នាក់លេខ៣ បានទៅលើ ទូកង «បាត់ដំបងខនស៍ស៊ីមេនមានជ័យបារមីភ្នំដូនមាយ » និងចំណាត់ថ្នាក់លេខ៣ មួយទៀតបានទៅលើ ទូកង«សុវណ្ណភេត្រាបាត់ដំបងសជ័យ» ។
ពិតណាស់ទូកង នរិន្ទរង្សី ពិជ័យចិត្របុត្រ នៅតែរក្សាបានដំណែកជើងឯក និងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅខេត្តបាត់ដំបង ដោយទូកងនេះធ្លាប់់ដណ្ដើមបានចំណាត់ថ្នាក់លេខមួយចំនួន៣ដងមកហើយ ពោលគឺនៅក្នុងឆ្នាំ ២០១៩ ២០២២ ២០២៣ និងបានខកខានការប្រកួត២ឆ្នាំគឺនៅឆ្នាំ ២០២០ និង ២០២១ ដោយសារតែបញ្ហាកូវីដ ខណៈនៅឆ្នាំ២០២៤ នេះទូកង នរិន្ទរង្សី ពិជ័យចិត្របុត្រ ទទួលបានជ័យលាភីលេខមួយជាថ្មីម្ដងទៀត ហើយក៏ជាជោគជ័យលើក៤ផងដែរ ។
សូមរំឭកថា ការប្រកួតទូកវែងប្រពៃណីនេះបានប្រារព្ធធ្វើឡើងនៅខេត្តបាត់ដំបង តាមស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងដែលមានមានរយៈពេល ២ថ្ងៃគឺថ្ងៃ ១៦ និង ១៧ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅដោយមានការរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អ រីឯការប្រកួតទូកវិញកាន់តែល្អមើលថែមទៀតតាមរយៈពិធីបុណ្យអុំទូកនេះក៏បានទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទីទៅលេងកម្សាន្តយ៉ាងច្រើនកុះករផងដែរ ៕