អ្នកស្រី ស៊ីម ជឹម សំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាបើកកន្លែងលក់នៅសួនច្បារស្ពានអាកាស ៧មករាវិញ ដើម្បីបានលក់ដូរគ្រាន់មានចំណូលចិញ្ចឹមខ្លូននិងចៅៗ

នៅថ្ងៃទី០៨ ខែវិច្ឆកា ឆ្នាំ២០២៤នេះ អ្នកស្រី ស៊ីម ជឹម ដែលធ្លាប់ធ្វើការជាមន្រ្តីរាជការយៈពេល ៣៦ឆ្នាំ បន្ទាប់ពីចូលនិវត្តន៍បានរយៈពេល ៣ឆ្នាំកន្លងមកនេះ អ្នកស្រីបានប្រកបរបរលក់របស់ញ៉ាំនៅសួនច្បារស្ពានអាកាស ៧មករា រាជធានីភ្នំពេញ ដើម្បីបានចំណូលចិញ្ចឹមជីវិត តែពេលនេះត្រូវបានគេបិទលែងឱ្យលក់នៅទីតាំងនោះរយៈពេលជិត១ខែហើយ ខណៈអ្នកស្រីបានសំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាបើកកន្លែងលក់ឱ្យអ្នកស្រីវិញផង ។

នៅក្នុងសំណេរទាំងស្រុងរបស់អ្នកស្រី ស៊ីម ជឹម បានរៀបរាប់ថា «ធ្វើការជាមន្ត្រីរាជការរយៈពេល៣៦ឆ្នាំ ពេលនេះបានចូលនិវត្តន៍រយៈពេល៣ឆ្នាំហើយ គ្មានសល់ទ្រព្យច្រើនអ្វីទេ តែសំណាងបានលក់កន្លែងលក់ដូរមួយនេះ ដែលរកចំណូលបន្ថែមពីប្រាក់ខែដែលបានចូលនិវត្តន៍ តែពេលនេះអ្វីៗត្រូវបានចប់ហើយ ព្រោះគេបានបិទកន្លែងលក់ហើយ មិនដឹងថាទៅរកអ្វីមកចិញ្ចឹមជីវិតទេ ចាស់ហើយហេតុអ្វីបានជាមកជួបរឿងបែបនេះ នាងខ្ញុំសំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាបើកកន្លែងលក់ដូរឱ្យរូបនាងខ្ញុំបានលក់ដូរវិញផង គ្រាន់បានប្រាក់ខ្លះទុកចិញ្ចឹមខ្លួនព្រមទាំងចៅៗ»។

ទន្ទឹមគ្នានេះអ្នកស្រីបានរៀបទាំងសោកសៅឆ្លើយតបទៅកាន់ម៉ូយដែលធ្លាប់បានទិញរបស់ញ៉ាំនិងស្គាល់នោះថា « អ៊ុំនៅលក់កន្លែងដដែល គ្រាន់តែពេលនេះគេបិទជិតមួយខែហើយ អ៊ុំតាមអង្វរគេឡើងហើយ នៅតែគេមិនព្រមឱ្យលក់ អ៊ុំពិបាកចិត្តណាស់ក្មួយ »។ ជាមួយគ្នានោះអ្នកស្រីក៏បានបន្តឱ្យដឹងបន្ថែមទៀតថា ប្រាក់ខែដែលចូលនិវត្តន៍ បានច្រើនគួរសមដែរ តែអ្នកស្រីមានបន្ទុកច្រើន ព្រោះមានចៅនឹងក្មេងកំព្រា៣នាក់ទៀត អ៊ីចឹងហើយទប់ចំណាយមិនជាប់នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង