ត្រៀមរកផ្លូវវាង ! នៅព្រឹកថ្ងៃទី ៩ វិច្ឆិកា ចំពោះផ្លូវទាំងនេះ នឹងត្រូវផ្អាកមិនឲ្យធ្វើដំណើរឆ្លងកាត់នោះទេ
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរ ក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ។
ចំពោះការរៀបចំប្រារព្ធពិធី នឹងប្រព្រឹត្តទៅនៅ វិមានឯករាជ្យ និងនៅសួនចន្ទឆាយ៉ា មុខព្រះបរមរាជរាំង នៅថ្ងៃទី០៨ ទី ០៩ និងទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ និងដើម្បីឲ្យការប្រារព្ធពិធី ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចររដ្ឋបាលរាជធានីភ្នំពេញ និងបញ្ចៀសចរាចរចំពោះយាន្តគ្រប់ប្រភេទដូចខាងក្រោមនេះ ៖
– យានយន្តគ្រប់ប្រភេទត្រូវបញ្ចៀសចរាចរចាប់ពីច្រាំងទន្លេសាបបណ្ដោយផ្លូវលេខ ១៧៨ មហាវិថីព្រះនរោត្តម ផ្លូវលេខ ២១៤ ផ្លូវលេខ ៥១ ផ្លូវលេខ ២៩៤ មហាវិថីសម្ដេចសុធារសនាគបាញ់ទឹក រង្វង់មូលសម្ដេចសង្ឃជួនណាត តីរវិថីព្រះស៊ីសុវត្ថិរហូតដល់ផ្លូវលេខ ១៧៨ ចាប់ពីថ្ងៃទី០៨ ទី ០៩ និងទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ រហូតដល់ការប្រារព្ធទិវាបុណ្យជាតិត្រូវបានបញ្ចប់តាមកាលវិភាគបរិច្ឆទខាងលើ ។
-ចំពោះសាឡង់ទឹកខ្សាច់ ទូក និងកាណូតដឹកភ្ញៀវទេសចរណ៍ជាតិ -អន្តរជាតិ ដែលឆ្លងកាត់មុខព្រះបរមរាជវាំង ត្រូវផ្អាកធ្វើចរាចរក្នុងអំឡុងពេលប្រារព្ធពិធីនៅថ្ងៃទី ០៧ និងទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ០៦ : ០០ នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី ។
គួរបញ្ជាក់ផងដែរថា ផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ ៕