លោក សាវិន ហ្វីលីព សរសើរមិនដាច់ពីមាត់ថាអ្នកស្រី ច័ន្ទ តារាទី ជាតារាភាពយន្តថ្លៃថ្នូរ មិនលើកដៃសុំជំនួយអ្នកដទៃ
ពិតណាស់ជារឿយៗគេតែងឃើញតារាសម្ដែងជើងចាស់លោក សាវិន ហ្វីលីព មានការប្រាស្រ័យទាក់ទងគ្នាល្អទៅវិញទៅមកជាមួយសិល្បករសិល្បការិនី ជាពិសេសគឺមិត្តភក្កិសិល្បៈរួមជំនាន់របស់លោក និងតែងតែឃើញវត្តមានរបស់លោកទៅជួបសួរសុខទុក្ខ និងយកអាសារដល់មិត្តភក្កិរួមអាជីពសិល្បៈផងដែរ តួយ៉ាងនៅថ្មីៗនេះដែរលោក សាវិន ហ្វីលីព បានទៅជួបសួរសុខទុក្ខតារាសម្ដែងភាពយន្តជើងចាស់ល្បីឈ្មោះ អ្នកស្រី ច័ន្ទ តារាទី ពីជីវភាពស្ថានភាពរស់នៅបច្ចុប្បន្នរបស់អ្នកស្រី និងបានលើកឡើង ព្រមទាំងសរសើរពីអ្នកស្រី ច័ន្ទ តារាទី ថាជាតារាភាពយន្តជើងចាស់របស់ខ្មែរដែលមានចរិតថ្លៃថ្នូរមិនដែលលើកដៃសុំជំនួយអ្នកណាទ្បើយ។
ក្រៅពីការលើកឡើងនិងសរសើរមិនដាច់ពីមាត់របស់លោក សាវិន ហ្វីលីព ចំពោះអ្នកស្រី ច័ន្ទ តារាទី ហើយនោះ ក៏នៅមានអ្នកគាំទ្រជាច្រើនទៀតបានសម្ដែងនូវកោតសរសើរចំពោះតារាភាពយន្តរូបនេះផងដែរ ព្រោះថាអ្នកស្រី ជាតារាភាពយន្តមួយរូបដែលមានភាពលេចធ្លោខ្លាំងលើវិថីសិល្បៈនាអំឡុងក្នុងទសវត្សរ៍ឆ្នាំ៨០ និង ៩០ ហើយនូវតែបានប្រជាប្រិយភាព កេរ្តិ៍ឈ្មោះ និងប្រកាន់ភ្ជាប់នូវអត្តចរិតថ្លៃថ្នូរ បើទោះបីជាអ្នកស្រីជួបការលំបាកយ៉ាងក៏ដោយក៏នៅតែព្យាយាមរកមធ្យោបាយដោះស្រាយឱ្យខានតែបាន និងមិនលើកដៃជំនួយពីអ្នកដទៃដាច់ខាត ។
យ៉ាងណាមិញកាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងជើងចាស់ល្បីឈ្មោះអ្នកស្រី ច័ន្ទ តារាទី បានបង្ហើបឱ្យដឹងថាអ្នកស្រីអាចនឹងឈប់ពីអាជីពសិល្បៈដែលបានខិតខំសាងប្រជាប្រិយភាព និងស្នាដៃល្អៗប្រមាណជាង ៤០ឆ្នាំមកនេះហើយ ដោយអ្នកស្រីមានបំណងចង់ទៅវិលត្រឡប់ទៅរស់នៅស្រុកកំណើតវិញ ៕