ក្របីព្រៃ ពេជ្រ សម្បត្តិ និយាយថា បើជួប Kitti ម្តងទៀតដាក់ខ្សែក្រវាត់ និងលក្ខខណ្ឌអ្វីក៏ព្រមដែរ…?
ជើងខ្លាំងគុនខ្មែរ ពេជ្រ សម្បត្តិ ចង់ជួបខ្លាចាស់ថៃ Tum Kitti Patkam ម្តងទៀត ដោយយល់ព្រមដាក់លក្ខខណ្ឌអ្វីក៏បាន ហើយដាក់ខ្សែក្រវាត់ម្នាក់១ ក៏យល់ព្រម បន្ទាប់ពីរូបគេបានចាញ់ពិន្ទុនៅទឹកដីអូស្ត្រាលី ដោយការតស៊ូគ្នាពេញ ៥ទឹក កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្របីព្រៃ ពេជ្រ សម្បត្តិ បានសម្រុកចូលវ៉ៃរហូត ប៉ុន្តែអាវុធរបស់ខ្លួនមិនសូវត្រូវគោលដៅឡើយ ផ្ទុយទៅវិញកីឡាករថៃ Tum Kitti បានប្រើបច្ចេកទេសគេច និងការពារយ៉ាងល្អ ហើយចេញអាវុធបកវិញចំគោលដៅបានច្រើន ដូច្នេះរូបគេបានឈ្នះដោយពិន្ទុ ដើម្បីទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក។
ពិតណាស់ ពាក់ព័ន្ធនឹងការប្រកួតនេះ ពេជ្រ សម្បត្តិ បាននិយាយថា៖ “រូបគេសប្បាយចិត្តដែលបានជួបដៃគូខ្លាំង និងពូកែក្បាច់ ដែលជាមេរៀនដ៏ល្អសម្រាប់ការកែលំអពីចំណុចខ្វះខាតរបស់ខ្លួន ហើយអ្វីដែលខ្ញុំត្រូវគិតជាសំខាន់នៅពេលនេះគឺពង្រឹងក្បាច់ និងអាវុធរបស់ខ្ញុំ ជាពិសេសចង្វាក់វ៉ៃ ចេញចូលឲ្យល្អ ការចាញ់នេះអត់មានប៉ះពាល់អារម្មណ៍អីទេ តែខ្ញុំសប្បាយចិត្តទៅវិញដែលបានជួបដៃគូប្រៀបដូចជាគ្រូ ជាព្រឹទ្ធាចារ្យម្នាក់ ដែលខ្ញុំបានដកស្រងបទពិសោធ ដើម្បីកែលំអអ្វីដែលខ្ញុំខ្វះខាត”។
ពេជ្រ សម្បត្តិ បានបន្តទៀតថា៖ “Tum Kitti មានក្បាច់ល្អដូចលោកគ្រូ ប៉ឺត ខាំ នឹងដូចរៀមច្បង ប៉ឺត សង្ឃឹម មានក្បាច់ល្អដូចគ្នា និយាយរួមទៅឲ្យតែគីឡូ ៦០ ប្រកួតគ្នាម្តងទៀត មិនថាប្រកួតនៅទីនោះ (អូស្ត្រាលី) ឬប្រកួតនៅទីនេះ (កម្ពុជា) ទេ ដាក់ខ្សែក្រវាត់ម្នាក់១ ក៏បានដែរ លក្ខខណ្ឌអ្វីក៏បានដែរ ប្រើហ្គង់ដៃ ឬអំបោះឆៅ ដាក់ខ្សែក្រវាត់ម្នាក់១ គឺខ្ញុំព្រមទាំងអស់”។
គួរបញ្ជាក់ផងដែរថា ក្របីព្រៃ ពេជ្រ សម្បត្តិ ជាកីឡាករម្នាក់ដែលពូកែកណ្តាប់ដៃ ដែលភាគច្រើននៅលើសង្វៀនរូបគេដើរចូលវ៉ៃកណ្តាប់ដៃ និងមានភាពស៊ូធន់ខ្លាំងមិនងាយដៃគូវ៉ៃឲ្យបាក់ស្រុតឡើយ ប៉ុន្តែខ្វះចន្លោះក្បាច់ការពារ និងបច្ចេកទេស៕