ល្អអីល្អយ៉ាងនេះ! ពេជ្រ ប៊ុនសិទ្ធទទួលបានខ្សែក្រវាត់ និងប្រាក់រង្វាន់ ៥ពាន់ដុល្លារកាលពីយប់មិញនេះ
ព្រឹត្តិការណ៍ប្រដាល់ GANZBERG IDOL គុនខ្មែរនៃការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់គុនខ្មែរទម្ងន់ ៥៧គីឡូក្រាមនៅជុំទី១ ពេជ្រ ប៊ុនសិទ្ធ បានទទួលជ័យជម្នះដោយពិន្ទុលើកីឡាករ រិទ្ធី ចាន់ណា ប្រើពេល៣ទឹកពេញតែម្តងខណៈ ប៊ុន សុធា បានប្រើពេលតែ ២ទឹកប៉ុណ្ណោះដើម្បីផ្តួលកីឡាករ ណង សាវ ឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី២។
ជាការពិតណាស់នៅវគ្គផ្តាច់ព្រ័ត្រជើងខ្លាំងទាំងពីរបានប្រើពេល ៣ទឹកពេញ។ ការប្រកួតទាំង៣ទឹកមើលឃើញថា ពេជ្រ ប៊ុនសិទ្ធ បានប្រើកណ្តាប់ដៃយ៉ាងល្អលើមុខរបស់ ប៊ុន សុធា ដែលព្យាយាមទាត់ជើងក្រោមជារឿយៗ ហើយប៊ុន សុធា ក៏ព្យាយាមប្រើកណ្តាប់ដៃតបទៅវិញផងដែរ ប៉ុន្តែមិនសូវមានប្រសិទ្ធភាព។ ចប់ការប្រកួត ចៅក្រមទាំង៥រូបបានផ្តល់ពិន្ទុឲ្យ ពេជ្រ ប៊ុនសិទ្ធ ឈ្នះពិន្ទុ ៤-១ លើ ប៊ុន សុធា ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់អមដោយប្រាក់រង្វាន់២០លានរៀល (៥ពាន់ដុល្លារ)។ ចំណែក ប៊ុន សុធា ក្នុងនាមជាជើងឯករងទទួលបានប្រាក់រង្វាន់ ១២លានរៀល។
គួរបញ្ជាក់ថានេះជាខ្សែក្រវាត់លើកទី ២នៃអាជីពរបស់ ពេជ្រ ប៊ុនសិទ្ធ ដោយខ្សែក្រវ៉ាត់លើកទី ១បានឈ្នះខ្សែក្រវាត់ខារ៉ាបាវ ដែលមានប្រាក់រង្វាន់៦ពាន់ដុល្លារអាមេរិក ក្រោយផ្ដួលកីឡាករថៃ ផេតផាកភូមិ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅសង្វៀនបាយ័នស្ទឹងមានជ័យ។