បងប្អូនមានដឹងទេថា ខ្សែក្រវាត់ WBC ដែល ប៉ឺត សង្ឃឹម វ៉ៃដណ្តើមថ្ងៃសៅរ៍នេះ ផ្លូវការកម្រិតណា…?
អ្នកលេងចិត្តសាស្ត្រ ប៉ឺត សង្ឃឹម នឹងត្រូវធ្វើការប្រកួតជាមួយកីឡាករថៃ Yothin FA Group ដើម្បីដណ្តើមខ្សែក្រវាត់មួយថៃ WBC នាល្ងាចថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសអូស្ត្រាលី។
ពិតណាស់ នេះជាលើកដំបូងហើយ ដែលកីឡាករគុនខ្មែរមានឈ្មោះប្រកួតដណ្តើមខ្សែក្រវាត់ WBC ជាផ្លូវការ ខណៈជួបដៃគូ Yothin ពោរធេញទៅដោយបទពិសោធច្រើន បច្ចេកទេស និងមានខ្សែក្រវាត់ ៦គ្រឿង។
ខ្សែក្រវាត់មួយថៃ WBC ទម្ងន់ Featherweight (៥៧.១គីឡូក្រាម) នេះ ៣ប្រភេទផ្សេងគ្នា គឺខ្សែក្រវាត់ពិភពលោក (World Champion) ខ្សែក្រវាត់អន្តរជាតិ (International Champion) និងខ្សែក្រវាត់ទ្វីបអឺរ៉ុប (European Champion)។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ ខ្សែក្រវាត់ពិភពលោកមានម្ចាស់គ្រប់គ្រងរួមទៅហើយ គឺកីឡាករអេស្ប៉ាញ Antonio Orden ដែលទទួលបានកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយត្រូវឡើងការពារខ្សែក្រវាត់របស់ខ្លួននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។
ចំណែកឯ ខ្សែក្រវាត់អន្តរជាតិនៅទំនេរដែលមិនមានម្ចាស់គ្រប់គ្រងនោះ ត្រូវបានកត់ថ្ងៃប្រកួតដណ្តើមរួចហើយរវាងកីឡាករកម្ពុជា ប៉ឺត សង្ឃឹម និងកីឡាករថៃ Yothin នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសអូស្ត្រាលី ដោយបច្ចុប្បន្ននេះ Yothin ស្ថិតនៅចំណាត់ថ្នាក់លេខ ៩ក្នុងតារាងចំណាត់ថ្នាក់ ហើយ ប៉ឺត សង្ឃឹម ក៏មានឈ្មោះដែរគឺស្ថិតនៅលេខ១៤ នៅពេលរូបគេមានឈ្មោះប្រកួត ដោយឡែកខ្សែក្រវាត់ទ្វីបអឺរ៉ុប ក៏នៅទំនេរ ហើយក៏មិនទាន់មានការប្រកួតដណ្តើមដែរនៅតំបន់អឺរ៉ុបនោះ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មានកីឡាករ ២០រូបក្នុងប្រភេទទម្ងន់ ៥៧.១គីឡូក្រាម ដែលចាប់ពីលេខ១ រហូតដល់លេខ២០ ក្នុងនោះកីឡាករថៃ ៩រូប កីឡាករអេស្ប៉ាញ ២រូប កីឡាករអៀរឡង់ ២រូប ជប៉ុន ១រូប ប្រេស៊ីល ១រូប និងបារាំង ១រូប ដោយកីឡាករទាំង ២០រូបនេះ មានសិទ្ធិក្នុងការប្រកួតប្រជែងដណ្តើមខ្សែក្រវាត់ពិភពលោក និងអន្តរជាតិ ហើយកីឡាករចំណាត់ថ្នាក់លេខ ១ដល់៥ មានភាគរយខ្ពស់ ក្នុងការប្រកួតដណ្តើមពីកីឡាករអេស្ប៉ាញ Antonio Orden ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោក៕