ផ្ទុះការសរសើរ ! អ្នកផលិតមាតិកា ផាន់ រុង ភ្ជាប់ពាក្យជាមួយគូស្នេហ៍ក្រោយទាក់ទងគ្នាអស់រយៈពេល ៧ ឆ្នាំ
សិល្ប៖ នៅថ្មីៗនេះ មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមជាច្រើន កំពុងតែផ្ទុះការចាប់អារម្មណ៍លើពិធីភ្ជាប់ពាក្យ និងទំនាក់ទំនងស្នេហារបស់អ្នកផលិតមាតិកាវីដេអូខ្លីៗ ផាន់ រុង ព្រោះគូដណ្ដឹងរបស់លោកមិនមែនជាតួស្រីនៅក្នុងក្រុមសម្ដែងជាមួយលោកឡើយ ហើយអ្វីដែលធ្វើមហាជនកាន់តែភ្ញាក់ផ្អើលនោះ គឺបានឃើញរូបភាពចាស់ៗរបស់ ផាន់ រុង និង គូដណ្ដឹង ដែលទាក់ទងគ្នាតាំងតែពីរៀននៅវិទ្យាល័យមកម្ល៉េះ ខណៈមហាជនមិននឹកស្មាននោះទេថា ផាន់ រុង គឺជាបុរសស្មោះសេ្នហ៍បែបនេះ ព្រោះជារឿយៗតែងតែឃើញលោកសម្ដែងសិទ្ធស្នាលជាមួយស្រីស្អាតៗជាច្រើន ថែមទាំងគិតថាលោកអាចនឹងមានទំនាក់ទំនងស្នេហាជាមួយតួស្រីណាមួយនៅក្នុងក្រុមសម្ដែងរបស់លោកថែមទៀតផង ។
ក្រោយបានឃើញរូបភាពចាស់ៗរបស់ ផាន់ រុង និង គូដណ្ដឹង ដែលបានទាក់ទងគ្នាអស់រយៈ ៧ ឆ្នាំដោយមិនបោះបង់គ្នា បានធ្វើអ្នកលេងនៅលើបណ្ដាញសង្គមជាច្រើនបានចែករំលែកជាមួយរូបភាពទាំងនោះ និងសរសើរមិនដាច់ពីមាត់ចំពោះពួកគេទាំងពីរ ដែលបានតស៊ូតាំងពីខាងប្រុសគ្មានអ្វីសោះ រហូតដល់មានអ្វីៗគ្រប់យ៉ាង តែមិនបោះបង់គ្នារហូតដល់ថ្ងៃចូលរោងជ័យ ក្នុងនោះក៏មានផេកមួយឈ្មោះ Tenit បានបង្ហោះរូបភាព ផាន់ រុង និង គូដណ្ដឹង ភ្ជាប់មកជាមួយសារសំណេរដែលមានអត្ថន័យ និងបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងនៅលើបណ្ដាញសង្គមថា « ភាពស្មោះត្រង់របស់មនុស្សស្រី បង្ហាញនៅពេលដែល មនុស្សប្រុសម្នាក់គ្មានអ្វីសោះហើយនាងនៅតែស្រលាញ់បុរសម្នាក់នោះ រីឯភាពស្មោះត្រង់របស់មនុស្សប្រុសវិញ បង្ហាញនៅពេលដែលគាត់មានអ្វីៗគ្រប់យ៉ាងនៅក្នុងដៃ ហើយគាត់នៅតែមិនចោលនារីម្នាក់នោះ »។
ក្រឡេកមកសាមីខ្លួនទាំងពីរនាក់វិញ ម្នាក់ៗពិតជាមានសេចក្ដីខុសខ្លាំងណាស់ដែលមានថ្ងៃនេះ ដោយ ផាន់ រុង បានលើកឡើងថា«តស៊ូជាមួយគ្នា ៧ ឆ្នាំហើយ ពេលនេះបងមានគ្រប់យ៉ាងហើយ ដល់ពេលដែលយើងគិតគូររៀបការហើយ »រីឯ នាង ម៉ាលីកា ជាគូដណ្ដឹងវិញក៏បានចែករំលែកសារបែបលេងសើចថា « ស្រលាញ់តាំងពីបងជាតុកែ រហូតក្លាយជាកូនជ្រូក ផាន់ រុង » ៕