ដំណឹងល្អ ! ស្ថានទូតបារាំង នឹងបើកទ្វារឲ្យសាធារណជនចូលទស្សនា ក្នុងទិវាបេតិកភណ្ឌអឺរ៉ុប នៅថ្ងៃទី២១ ខែនេះ
ស្ថានទូតបារាំង នឹងបើកទ្វារឲ្យសាធារណជនចូលទស្សនា ក្នុងទិវាបេតិកភណ្ឌអឺរ៉ុប នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ជាថ្មីម្ដងទៀត បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ៥ ៣០០នាក់កាលពីឆ្នាំមុន ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារឱ្យចូលទស្សនាចាប់ពីម៉ោងម៉ោង៨ព្រឹកដល់រហូតម៉ោង៤រសៀល (រួមទាំងពេលថ្ងៃត្រង់ផងដែរ)។
នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកដែលចូលចិត្តថតរូប និងកំពុងតែស្វែងរកកន្លែងដែលមានធម្មជាតិខៀវខ្ចី ដើមឈើត្រឈឹងត្រឈៃ និងផ្កាចម្រុះពណ៌ ដែលទាំងនេះមាននៅក្នុងស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា ដែលនេះគឺជាតំបន់បៃតងដ៏វិសេសវិសាមួយនៅកណ្ដាលទីក្រុងភ្នំពេញ ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤បានបញ្ជាក់ថាព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុបដើម្បីអនុញ្ញាតឱ្យសាធារណជនអាចស្វែងយល់ ឬស្វែងយល់ជាថ្មីអំពីស្ថានទូត ដែលពោរពេញដោយប្រវត្តិសាស្រ្ត និងជាពិសេសបានមកកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំ៤,៧ហិកតា ដែលជាតំបន់បៃតងធំជាងគេមួយនៅរភ្នំពេញ ហើយក៏ជាជម្រកនៃជីវៈចម្រុះ ក្នុងនោះមានដើមឈើជាង២០០ដើមត្រូវជាប្រមាណ៥០ប្រភេទ និងសត្វប្រមាណ៣០ប្រភេទ ដូចជាសត្វស្លាប ស្វា ឈ្លូស និងសត្វល្អិតជាដើម។ អ្នកទស្សនាក៏នឹងឃើញផងដែរនូវទ្វាររបងចាស់មួយរបស់ស្ថានទូត ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៅពេលដួលរលំក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ពោលគឺកាលពីជិត៥០ឆ្នាំមុន ៕
ប្រភពរូបភាព ៖ Ambassade de France au Cambodge , ប្រភពអត្ថបទ ៖ ក្រសួងព័ត៌មាន – Ministry of Information