ទីបំផុតលោកឧកញ៉ា ព្រាប សុវត្ថិ ចេញមកបញ្ចេញមតិជុំវិញរឿងរ៉ាវបញ្ហារង្កៀសចិត្តអ្នកក្នុងរង្វង់សិល្បៈហើយ !



សិល្ប៖
មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមពិតជាបានជ្រាបក្រាសក្រែលរួចមកហើយ ជុំវិញរឿងរ៉ាវបញ្ហាការប៉ះរង្កៀសចិត្តគ្នាអ្នកក្នុងវង្វង់សិល្បៈ កាលពីពេលថ្មីៗកន្លងទៅ ដោយក្នុងនោះតារាចម្រៀងរ៉េបលោក ខ្មែរមួយជីវិត បានលើកឡើងពីកំពូលតារាចម្រៀង ២ រូបគឺលោកឧកញ៉ា ព្រាប សុវត្ថិ និងលោកឧកញ៉ា ខេមរៈ សិរីមន្ត ថា« ចង់ឲ្យរាមច្បងទាំងពីរផលិតចម្រៀងតាមបែបផែនរបស់ខ្លួនច្រើនជា ជាងប្រឡូកចូលក្នុងចង្វាក់បែប hip hop » ទន្ទឹមគ្នានោះលោកឧកញ៉ា ខេមរៈ សិរីមន្ត និងអ្នកក្នុងវង្វង់សិល្បៈក៏ដូចជាមហាជនអ្នកគាំទ្រមួយចំនួនបានប្រតិកម្មជាមួយការលើកឡើងរបស់ តារាចម្រៀងរ៉េបរូបនេះ និងខ្លះទៀតក៏បានយល់ស្របចំពោះការលើកឡើងរបស់លោក ខ្មែរមួយជីវិត ផងដែរ ដែលបង្កឲ្យបញ្ហាមួយនេះចេះរីករាលដាលធំទៅៗនៅមិនទាន់ចប់នៅឡើយទេ ។

យ៉ាងណាមិញគេក៏សង្កេតឃើញថាកំពូលតារាចម្រៀងលោកឧកញ៉ា ព្រាប សុវត្ថិ ដែលត្រូវបាន តារាចម្រៀងរ៉េបលោក ខ្មែរមួយជីវិត និយាយប៉ះពាល់ដែរនោះ​ គឺលោកហាក់សំងំនៅសៀមមិនមានការតបតអ្វីទាំងអស់​ ស្រាប់តែនៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៤ នេះ លោកឧកញ៉ា ព្រាប សុវត្ថិបានចេញមកបង្ហោះសារបញ្ចេញពីអារម្មណ៍ និងការយល់ឃើញរបស់ខ្លួនយ៉ាងវែងអន្លាយថា «ជាដំបូងខ្ញុំបាទសូមគោរពជម្រាបសួរ អ៊ំ ពូ មីង បងប្អូនទាំងអស់ ជាទីគោរពរាប់អាន ! ខ្ញុំបាទសូមចូលរួមគំនិតយោបល់ខ្លះនៅក្នុងបញ្ហារង្កៀសចិត្តតិចតួចក្នុងរង្វង់សិល្បៈចម្រៀងនាពេលនេះ ។ សិល្បៈតន្ត្រីនេះជាទម្រង់មួយក្នុងចំណោមទម្រង់សិល្បៈទាំងប្រាំពីរដែលត្រូវបម្រើអារម្មណ៏ មហាជនអ្នកស្តាប់គ្រប់មនោសញ្ចេតនា កម្សត់ ស្នេហា កំប្លែង រីករាយ ស្រែកហ៊ោសប្បាយ ដើម្បីកំដរអារម្មណ៍អ្នកស្តាប់ និង អ្នកទស្សនា ។ ចំណែកយើងអ្នកសិល្បៈ ក៏ជា អ្នកស្តាប់គ្នាទៅវិញទៅមកយើងមិនមែនស្ដាប់តែចម្រៀងយើងច្រៀងនោះទេ គឺគាំទ្រគ្នាទៅវិញទៅមកគ្រប់ទម្រង់ សិល្បៈក៏ជា ទស្សនិកជនម្នាក់ក្នុងចំណោមអ្នកសិល្បៈករទាំងអស់ដែរ ។ភាពរីកចម្រើនរបស់អ្នកសិល្បៈទាំងអស់គឺបានមកពីការគាំទ្រ ពីមហាជនគ្រប់ស្រទាប់ ហើយ មហាជនគឺជា កញ្ចក់សំរាប់ឆ្លុះបង្ហាញទាំងចំណុចល្អទាំងចំណុចមិនល្អដែលយើងត្រូវកែលំអ ។ សំរាប់យើងជា អ្នកសិល្បៈករវិញត្រូវធ្វើជាគម្រូល្អ ចេះរួបរួមគ្នា អធ្យាស្រ័យល្អរវាងគ្នាក្នុងនាមជាអ្នកសិល្បៈរួមអាជីពផង ក្នុងនាមជាជនជាតិខ្មែរតែមួយដែលពោរពេញដោយស្នាមញញឹមក្រោមដំបូលសន្តិភាពតែមួយដើម្បីរួបរួមគ្នាឆ្ពោះទៅមុខ ជាមួយគ្នានាំសិល្បៈកម្ពុជាអោយមានភាពល្បីល្បាញលើឆាកអន្តរជាតិនាពេលអនាគត » ។

តាមរយៈការលើកឡើយរបស់កំពូលតារាចម្រៀង លោកឧកញ៉ា ព្រាប សុវត្ថិ នេះដែរ ត្រូវបានអ្នកនៅក្នុងវង្វង់សិល្បៈ និងមហាជនអ្នកគាំទ្របានសម្ដែងនូវាអារម្មណ៍សប្បាយចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការលើកឡើងរបស់លោក ថែមបានចាត់ទុកលោកគឺជាសិល្បករដ៏ល្អមួយរូបសម្រាប់ឲ្យអ្នកសិល្បៈជំនាន់ក្រោយយកគំរូតាមថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង