ខ្ញុង បញ្ជាក់ច្បាស់ៗថា មិនដែលមានគំនិតអាក្រក់លើម្ចាស់បំណុល ឬចង់បោកប្រាស់អ្នកណានោះទេ
សិល្ប៖ តារាកំប្លែងអ្នកនាង ខ្ញុង បានបញ្ជាក់ថានាងមិនដែលមានគំនិតអាក្រក់ ឬចង់បោកប្រាស់អ្នកណានោះទេ ក្រោយមានម្ចាស់បំណុលជាច្រើនបានចេញមកទម្លាយពាក់ព័ន្ធរឿងបំណុលដែលរូបនាងបានជំពាក់មិនទាន់សងរហូតមានអ្នកខ្លះទៀតព្រមានថានឹងប្តឹងនាងថែមទៀតផង ។
យ៉ាងណាមិញក៏សង្កេតឃើញថាអ្នកនាង ខ្ញុង តែងតែនិយាយជារឿយៗជុំវិញរឿងបំណុលនេះ ដោយនាងពិតជាបានខិតខំប្រឹងប្រែងតស៊ូធ្វើការងារណាស់ ដើម្បីរកលុយទៅដោះបំណុលដែលនៅជំពាក់គេទាំងប៉ុន្មាននោះ ។
ដោយឡែកកាលពីពេលថ្មីៗនេះអ្នកនាង ខ្ញុង ក៏បានបង្ហោះសារមួយដែលផ្ដាំផ្ញើទៅកាន់អ្នកមួយចំនួនដែលតែងតែនិយាយមិនល្អពីអ្នកនាង ខណៈមិនបានដឹងរឿងរ៉ាវពិតយ៉ាងណានោះ ដោយក្នុងសារនោះដែរ អ្នកនាងថាបានរៀបរាប់ «អ្នកខ្លះមិនដឹងរឿងទេប៉ុន្តែ តែ ស្ករ ណាស់ខំ បុក-រុក ឆ្កៀល-ខំប្រឹងជាន់-បន្ថែមគង់មានថ្ងៃទេ កម្មពៀរមានពិតគង់ជួបលើខ្លួនឯង អ្នកមិនមែនជាខ្ញុំអ្នកគ្មានថ្ងៃយល់ឡើយ មនុស្សខ្ញុំតស៊ូណាស់ ហើយក៏មិនដែលមានគំនិតអាក្រក់បោកប្រាស់អ្នកណាដែរ ហើយខ្ញុំក៏មិនតបតវែកញែកអ្វីច្រើន យ៉ាងហោចណាស់ ក៏មានទេវតាមើលឃើញអំពើល្អកន្លងមក ហើយក៏តែងតែចងចាំនិងដាស់តឿនខ្លួនឯងថាយើងជាកូនបំណុលគ្មានសិទ្ធិតបបកស្រាយអ្វីទាំងអស់មានត្រឹមតែ សមត្ថភាពបន្តិចបន្តួចគ្រាន់នឹងបាន រកដោះគេតាមលទ្ធភាពនិងដើម្បីអាហារបីពេលតែប៉ុណ្ណោះ»។
តារាកំប្លែងស្រីរូបនេះបានបន្តទៀតថា «អ្វីដែលខ្ញុំតូចចិត្តគឺអ្នកដែលមិនដឹងរឿង អ្នកដែលមិនមែនជាម្ចាស់បំណុលខ្ញុំព្យាយាមជាន់បុករុកល្ងាចគេដៀលខ្លាំងជាងម្ចាស់បំណុល ពិតជាឈឺចាប់ណាស់ហើយក៏វាអយុត្តិធម៌សម្រាប់ខ្ញុំ»៕