Denny Kwan ក្ដៅស្លឹកត្រចៀកក្រោយមានក្មេងសិស្សសាលាមួយក្រុមបង្កើត Group ឆាតនិយាយបរិហារកេរ្តិ៍កូនស្រី ល្អហួស
សិល្ប៖ កាលពីពេលថ្មីៗនេះអ្នកនាង Denny Kwan បានធ្វើឲ្យមហាជនអ្នកលេងនៅលើបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍តាមរយៈវីដេអូមួយ ដែលមានក្មេងៗសិស្សសាលាមួយក្រុមបានបង្កើតGroup ឆាតនិយាយមិនល្អពីកូនស្រីរបស់អ្នកនាងគឺល្អហួស ដោយនៅក្នុងសារសំឡេងនោះដែរ បាននិយាយថា ល្អហួស ទើបតែចូលរៀនទេ ប៉ុន្តែទាក់ប្រុសបានមួយ និងនៅក្រៅមិនស្អាតដូចក្នុងរូបហើយថែមទាំងមានអត្តចិរិតមិនសូវល្អទៀត ទន្ទឹមគ្នានោះអ្នកនាង Denny Kwan ក៏បានភ្ជាប់មកជាមួយCaption ថា «តើនរណាជា អាណាព្យាបាលរបស់ក្មួយស្រីម្នាក់នេះ? ក្មួយស្រីម្នាក់នេះសំដីសាហាវហៅគ្រូបង្រៀនសុទ្ធតែមី មី ហើយនិយាយថាកូនស្រី ល្អហួស របស់ខ្ញុំទៅរៀនទាក់ប្រុសរាល់ថ្ងៃ ទៅរៀនឬទៅបរិហារកេរ្តិ៍កូនស្រីខ្ញុំ?»។
ក្រឡេកមក ល្អហួស ដែលជាតារាសម្ដែង និងជាម្ចាស់មកុដ Miss Preteen Cambodia 2023 វិញបានសម្ដែងនូវការឈឺចាប់ជាខ្លាំង ដែលត្រូវបានក្មេងសិស្សសាលាមួយក្រុមបង្កើតGroup ឆាត ដើម្បីនិយាយមិនល្អពីខ្លួនបែបនេះ ដែលធ្វើឲ្យអ្នកនាង Denny Kwan និងអ្នកគាំទ្ររបស់ ល្អហួស ជាច្រើនព្រួយបារម្ភខ្លាចនាងបាក់ទឹកចិត្ត ព្រោះនាងនៅក្មេងទេ ប៉ុន្តែត្រូវមកជួបនូវរឿងបែបនេះ ។
យ៉ាងមិញអ្នកនាង Denny Kwan ក៏បានចេញមកឡាយនិយាយពីអត្តចរិតរបស់កូនស្រី ល្អហួស ថានាងគឺជាក្មេងល្អដែលស្ដាប់បង្គាប់ឪពុកម្ដាយ និងបានបន្តឲ្យដឹងថាអ្នកនាងមិនដែលបង្រៀនកូនស្រីរបស់អ្នកនាងឲ្យទៅមើលងាយនរណានោះទេ ៕