សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញហូល ផាមួងដែលជាស្នាដៃអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ជូនសាធារណជនបានសិក្សាស្វែងយល់

សិល្ប៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល៦ខែដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរ បានចូលទស្សនាក៏ដូចជាសិក្សាស្វែងយល់ពីហូលផាមួងខ្មែរចាស់ៗដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ពិព័រណ៍ខាងលើនេះ នឹងមានសមុច្ច័យជាហូល ផាមួង អាវប៉ាក់ សរុបចំនួន២១
សម្រាប់តាំងបង្ហាញ។ លោកបន្តថា ពិព័រណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានរយៈពេល៦ខែ។

សមុច្ច័យខាងលើ គឺសារមន្ទីរបានមកពីការបរិច្ចាគរបស់ពលរដ្ឋស្រុកព្រៃកប្បាស ខេត្តតាកែវ សរុបមានចំនួន៥១ដែលក្នុងនោះមានសំពត់ផាមួង អាវ និងក្រណាត់ហូលជាដើម។ ក្រុមការងារសារមន្ទីរបានទៅទទួល
សមុច្ច័យទាំងនោះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់មកមានការចុះបញ្ជីរៀបចំអភិរក្ស សម្អាតនិងជួសជុល មុននឹងរៀបចំឱ្យមានពិព័រណ៍បង្ហាញដល់សាធារណជនបានទស្សនា។ ក្រណាត់ហូល ផាមួងខ្លះមានអាយុកាលចន្លោះពី៤០ទៅ៦០ឆ្នាំដែលពលរដ្ឋបានថែទាំយ៉ាងយកចិត្តទុកដាក់ មុននិងក្នុងសម័យខ្មែរក្រហម។

នេះជាដំណាក់កាលទី១នៃការរៀបចំពិព័រណ៍ដែលលោក សែន គឺមស៊ុន ពន្យល់ថាសារមន្ទីរបានរើសសមុច្ច័យចំនួន២១ក្នុងចំណោម៥១ ហើយនិងមានការបង្ហាញនៅដំណាក់កាលក្រោយៗទៀត។លោក សែន គឹមស៊ុន អំពាវនាវឱ្យសាធារណចូលទស្សនាក្នុងពិព័រណ៍ដ៏មានសារៈសំខាន់នេះ ដែលជាផ្នែកមួយក្នុងការឱ្យតម្លៃនិងសិក្សាស្វែងយល់ពីស្នាដៃសិល្បៈនៃហូល ផាមួងរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ៕

ប្រភព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

អត្ថបទដែលជាប់ទាក់ទង