លោក ណូយ វ៉ាន់ណេត នឹងធ្វើតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីដែលបង្ហោះថាលោកទទួលមរណ.ភាព

សិល្ប៖ នៅព្រឹកថ្ងៃទី ១០ ខែ​កុម្ភៈ​ ឆ្នាំ២០២៤ នេះ មានគណនី Facebook មួយចំនួនបានចែករំលែកនូវព័ត៌មានមួយថា តារាចម្រៀងជើងចាស់លោក ណូយ វ៉ាន់ណេត​ បានទទួលមរណៈភាពហើយ ប៉ុន្តែក៏ត្រូវបានសិល្បករសិល្បការិនីជាច្រើនចេញមកបញ្ជាក់ថាព័ត៌មាននៃការទទួលមរណភាពរបស់លោក ណូយ វ៉ាន់ណេត នេះមិនមែនជាព៏ត៌មានពិតនោះទេ ។

ក្រោយលេចឮនូវដំណឹងមួយនេះហើយសាមីខ្លួនគឺលោក ណូយ វ៉ាន់ណេត ក៏បានចេញមុខមក Live និងបកស្រាយដោយបានប្រឆាំងនឹងព័ត៌មានដែលកំពុងតែក្លាយជាប្រធានបទដ៏ក្ដៅនៅលើបណ្ដាញសង្គម ​ដោយបានបញ្ចាក់ថា លោកសូមបដិសេធន៍ចោលទាំងស្រុងនូវរាល់ការបង្ហោះពីផេកមួយចំនួន ព្រមទាំងស្នើឱ្យម្ចាស់ផេកហ្វេសប៊ុកលុបរូបទាំងនោះចេញ និងត្រូវចេញមកសុំទោសជាសាធារណៈមុនពេលលោកចាត់វិធានការផ្លូវច្បាប់។

បើយោងតាមរយៈការ Live របស់លោក ណូយ វ៉ាន់ណេត បានបញ្ជាក់ថា ការបង្ហោះព័ត៌មាននេះគឺជាការភូតភរចង់បានការចូលមើល(view)ច្រើន ហើយប្រមាថអាយុជីវិតគេទៅវិញ លោកបន្តទៀតថា ធ្វើបែបនេះមានគោលបំណងអ្វីអ្នកណានៅពីក្រោយ ដោយសារការចង់បានការចូលមើលច្រើនបែរជាមកប្រមាថអាយុជីវិតលោកទៅវិញ ។ ជាមួយគ្នានោះលោកបន្ថែមថា ករណីនេះគឺវាធ្ងន់ធ្ងរ ដោយលោកសុំឱ្យក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃជួយដោះស្រាយលោកនៅក្នុងករណីខាងលើនេះផង ។

បើទោះជាយ៉ាងនេះក្ដី លោកណូយ វ៉ាន់ណេត ក៏បានអំពាវដល់មហាជនមេត្តាកុំមានការយល់ច្រឡំថា លោកពិតជាទទួលមរណភាព ព្រោះលោកមិនងាយស្លាប់ទេ គឺលោកនៅតែបន្តនៅក្នុងបេះដូងទស្សនិកជនដដែល ហើយលោកក៏សូមអរគុណសម្រាប់ការគាំទ្រពីបងប្អូនទាំងអស់ចំពោះលោករហូតមកទល់នាពេលនេះ ៕

 

អត្ថបទដែលជាប់ទាក់ទង