ម៉ានិត ត្អូញត្អែរនិងអាណិតដល់អ្នកនិពន្ធខ្មែរដែលខិតខំនិពន្ធយ៉ាងលំបាក បែរជាលទ្ធផលចេញមកកូនខ្មែរថាដូចថៃ

លោកម៉ានិត ជាតារាចម្រៀង និងជាអ្នកនិពន្ធសៀវភៅបែបប្រលោមលោកដែលមានប្រជាប្រិយភាពម្នាក់ ដោយសង្កេតឃើញថាទាំងបទចម្រៀង និងការនិពន្ធសៀវភៅរបស់លោកគឺពិតជាទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់យុវវ័យទាំងប្រុសស្រី ។

ខណៈនៅថ្មីៗនេះលោក ម៉ានិត បានចេញមកប្រតិកម្មខ្លាំងៗ ក្រោយពីការបង្ហោះ trailerរឿង « កូនអុកសម្ងាត់វគ្គ២ »ហើយនោះ ក៏ស្រាប់តែមានការលើកឡើងថាសាច់រឿងខាងលើគឺពិតជាដូចសាច់រឿងមួយរបស់ប្រទេសថៃដែលមានចំណងជើងថា «Home School » ដោយបាន Comment នៅក្នុងtrailerរឿង « កូនអុកសម្ងាត់វគ្គ២ »នេះដែរ គឺមានអ្នក Comment ថា Welcome to home school ។​

ស្របគ្នានោះដែរលោក ម៉ានិត ក៏បានបង្ហោះរូបភាពនៃសាច់រឿងនិងទម្លាយពីអារម្មណ៍របស់ខ្លួនថា តួនាទីជាផលិតករ មិនថាសៀវភៅ កុន ឬbook trailer វាពិតជាពិបាកក្នុងការបរិយាយណាស់ លក់សៀវភៅ ថតtrailer អស់រាប់ពាន់ដុល្លារ សៀវភៅខ្លះជិតម៉ឺនក៏មាន សួរថាលក់ចំណេញប៉ុន្មាន? ពេលខ្លះផលិតហើយ ចាយលុយផលិតច្រើន ទីបំផុត មិនសូវមានអ្នកទិញសៀវភៅអានផង។ តែដើម្បីអី? ដើម្បីគុណភាព ដើម្បីស្នាដៃ ដើម្បីអំណានក្នុងយុគសម័យថ្មី ដើម្បីធ្វើឲ្យសិល្បៈខ្មែរឲ្យមានភាពរំជើបរំជួល មិនត្រឹមតែផលិតវីដេអូមនុស្សទេ យើងធ្វើដល់តុក្កតា2D ទៀត។ លោកក៏បានបន្តទៀតថា អ្នកដែលដើរលឿនក៏មិនប្រាកដថាជាមនុស្សដំបូងដែរ ហើយការដែលលោកនិងក្រុមការងារធ្វើបាន និងមើលទៅងាយស្រួល គឺនៅពីក្រោយពោរពេញដោយភាពអំណត់ ភាពច្នៃប្រឌិត ទាំងការដេកដើរឈរអង្គុយ។ ចាយលុយ ចាយកម្លាំងផលិត តែមិនសូវមានអ្នកអានសៀវភៅទេ។ អ្នកអានមានតែប៉ុន្មាននាក់វិលទៅវិលមក ពេលខ្លះស៊ីញេសៀវភៅឡើងចាំឈ្មោះអ្នកទិញ ស្រុកយើងសម្បូរអ្នកចង់អាន តែមិនសូវមានអ្នកអានមែនទែនទេ តែខ្ញុំប្រឹងបានប៉ុននេះ ចាត់ទុកថាគ្រាន់បើចុះ។

ជាមួយគ្នានោះលោកក៏បានបន្ថែមពីលើនោះទៀតថា ទម្រាំភាពយន្ដដែលបងៗផលិតករខ្មែរផលិត ឬសៀវភៅមួយក្បាលរបស់អ្នកនិពន្ធខ្មែរ គឺមិនងាយទេ។ បែរជាចុងក្រោយ លទ្ធផលដែលផលិតបាន កូនខ្មែរថាដូចថៃ។ ម៉េចបានឃើញដូចថៃ? មកពីគាត់មើលតែរឿងថៃ ទើបគិតយល់បានត្រឹមនេះ ចូលបើកចិត្ត រៀនមើល រៀនយល់ កុំនៅត្រឹមតែថៃពេក កូរ៉េ ហុងកុង ហូលីវូដ មិនខ្វះទេ។ ឯផលិតករខ្មែរទៀតសោត យើងមិនចង់បានត្រឹមតែដូចថៃទេ យើងចង់បានលើសពីនោះ គឺទម្ងន់ និងតម្លៃវប្បធម៌របស់យើង ដែលមានអត្តសញ្ញាណច្បាស់លាស់ ចែកជូនពិភពលោក ឈប់ថាដូចរឿងថៃទៅ សុំអង្វរ៕

 

អត្ថបទដែលជាប់ទាក់ទង