សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធី អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៥

ទិវាវប្បធម៌ជាតិ រៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ថា វប្បធម៌ គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពមិនចេះរីងស្ងួតសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងស្មារតីនៃការស្រឡាញ់ចំពោះជាតិមាតុភូមិ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជំរុញការទទួលស្គាល់ របស់ពិភពលោកលើវប្បធម៌ អរិយធម៌ ដ៏ចំណាស់របស់ជាតិ និងជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៥ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័ន អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា អង្គការ សមាគមដែលបម្រើការងារលើវិស័យវប្បធម៌ មរតកមនុស្សរស់ វីរៈសិល្បករ សាស្រ្តចារ្យ មន្រ្តីរាជការ អ្នកនិពន្ធ អ្នកដឹកនាំរឿង ពិធីករ ពិធីការិនី អ្នកផលិតមាតិកាផ្សេងៗទាក់ទងនឹងវិស័យវប្បធម៌ ក្លឹបអ្នកកាសែតកម្ពុជា និងសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធ សរុបទាំងអស់ប្រមាណជាងបួនពាន់នាក់៕

ប្រភព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

អត្ថបទដែលជាប់ទាក់ទង