លោក ដួង សុខគា ប្រកាសឈប់បន្តច្រៀងអាយ៉ៃ ព្រោះមិនសូវមានអ្នកឲ្យតម្លៃ ខណៈលោកបានខំប្រឹងប្រែងយ៉ាងត្រដាបត្រដួស
តារាពហុជំនាញលោក ដួង សុខគា ដែលអាចលេងបានគ្រប់ទម្រង់សិល្បៈទាំងសម័យ – បុរាណ និងអាយ៉ៃជាដើម បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលចាប់អារម្មណ៍ខ្លាំង ក្រោយលោកបានប្រកាសថានឹងឈប់បន្តច្រៀងអាយ៉ៃទៀតហើយ។
បើយោងតាមរយៈការបង្ហោះសាររបស់តារាពហុជំនាញរូបនេះនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ នេះ បានរៀបរាប់ថា នៅមួយរយៈនេះលោកឃើញមានមតិមួយចំនួនដែលលើកឡើងពីអ្នកលេងនៅលើបណ្ដាញសង្គមហាក់មិនឲ្យតម្លៃ សិល្បករ ជើងចាស់ ចម្រៀងអាយ៉ៃ ឬអាចនិយាយថា ការរិះគន់ខ្លះ មានចេតនាជាន់ពន្លិចឬបំបាក់ទឹកចិត្ត ទាំងដែលលោកបានខំប្រឹងប្រែង ត្រដាបត្រដួស ខ្មែរ គួរតែយល់ហើយតែនេះធ្វើឲ្យលោកឈឺចាប់ច្រើនជាងការលើកទឹកចិត្ត ហើយលោកក៏បានបញ្ជាក់ថា (អាយ៉ៃ មិនមែនជារបស់លោកតែម្នាក់ទេ)។
លោក ដួង សុខគា បន្តថា «ដាក់មួយម៉ាត់ៗឆ្អែតខ្ញុំចង់ជម្រាបចុះថាបើពូកែបែបហ្នឹងជួយថែអាយ៉ៃបន្តផងចុះ ខ្ញុំនឹងមិនច្រៀងទៀតទេគឺសុំឈប់សិល្បៈមួយនេះមិនមែនជារបស់ខ្ញុំម្នាក់ឯងទេ ខ្ញុំបំពេញតែការងារដែលទទួលរួចហើយ ប៉ុន្មានរោង ផ្សេងទៀត ខ្ញុំនឹងឈប់ច្រៀងទៀតហើយ អាយ៉ៃសូម្បីតែសម្រាប់ វិទ្យុ ក៏ឈប់ដែរ ខ្ញុំទទួលការកែលម្អតែក៏បាក់ទឹកចិត្ត នឹងពាក្យទ្រគោះខ្លះដែរ»។
ជុំវិញការប្រកាសរបស់លោក ដួង សុខគា ថានឹងឈប់បន្តច្រៀងអាយ៉ៃ បានធ្វើឲ្យមហាជនមួយសម្ដែងនូវការសោកស្ដាយជាខ្លាំងដែលលោកសម្រេចចិត្តបែបនេះ និងមានការឡើងការខ្លះទៀតក៏បានលើកទឹកចិត្តឲ្យនៅតែបន្តច្រៀងនិងថែរក្សាអាយ៉ៃបន្តទៀត ៕