ក្រោយលែងលះជាមួយអតីតភរិយាបានមួយរយៈ ពេលនេះ យឿន ពិសី បង្ហាញមុខគូអនាគតថ្មីហើយ

តារាចម្រៀង និងជាម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី ១ លោក យឿន ពិសី បានធ្វើឲ្យមហាជនអ្នកលេងនៅលើបណ្ដាញសង្គម អ្នកគាំទ្រ ក៏ដូចជាមិត្តនៅក្នុងសិល្បៈមានភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីលោកបានប្រកាសដំណឹងថាលោកបានបញ្ចប់ជីវិតគ្រួសារដែលមានឈ្មោះជាប្ដីប្រពន្ធជាមួយភរិយារបស់លោក បន្ទាប់ពីរៀបការរួមរស់ជាមួយគ្នាជាច្រើនឆ្នាំ និងទទួលបានកូន២នាក់ជាចំណងដៃនៃអាពាហ៍ពិពាហ៍ ។

ខណៈនៅថ្មីៗនេះ លោក យឿន ពិសី កាន់តែធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីលោកបានលែងលះជាមួយភរិយាមួយរយៈ តែពេលនេះលោកក៏បានបង្ហាញមុខគូអនាគតថ្មី ដោយបានភ្ជាប់មកជាមួយខ្លឹមសារនៅលើគណនី Facebook របស់លោកថា «លោកសូមសារភាពថាគាត់ជានារីដែលខ្ញុំស្រឡាញ់យ៉ាងពិតប្រាកដ ប៉ុន្តែគាត់មិនមែនជាជនទីបីទេ សូមសំពះសុំចិត្តពុកម៉ែបងប្អូនកុំសើចកុំយំពួកខ្ញុំអី ដោយខ្ញុំបានលែងលះជាមួយអតីតភរិយារបស់ខ្ញុំបានមួយរយៈធំដែរហើយ ទើបខ្ញុំមានទំនាក់ទំនងជាមួយនារីម្នាក់នេះជារូបភាពមុនពេលដែលខ្ញុំទៅវះកាត់ភ្នែកប្រហែល២ថ្ងៃ » ។

ជាមួយគ្នានោះ លោក យឿន ពិសី ក៏បានសូមឲ្យពុកម៉ែបងប្អូនបញ្ចេញមតិដោយក្រមសីលធម៌ និងមេត្តាបងប្អូនបើកចិត្តឲ្យទូលាយ បងប្អូនមួយចំនួនក៏កុំចាំបាច់ចេះរៀបចំជីវិតរបស់អ្នកដទៃធ្វើអ្វី ត្រូវចាំថាផ្លូវណាដែលត្រជាក់រស់នៅស្ងប់សុខស្រួល ផ្លូវនោះហើយដែលគ្រប់គ្នាប្រាថ្នាចង់ដើរ និងបានបញ្ជាក់ថា លោកនឹងអតីតភរិយាបានសម្រេចចិត្តលែងលះគ្នាដោយព្រមព្រៀង និងដោយសន្តិវិធី និងពុំមានអ្នកណាម្នាក់ផិតក្បត់អ្នកណាម្នាក់ឡើយ មូលហេតុគឺព្រោះពួកលោក និងភរិយារស់នៅមិនចុះសម្រុងនឹងគ្នា មិនអាចបន្តជាប្ដីប្រពន្ធបាន ៕

អត្ថបទដែលជាប់ទាក់ទង