ទីបំផុត យឿន សូតអនុស្សាវរីយ៍ បានវិលជួបប្រពន្ធនិងកូនស្រីសំណព្វចិត្តវិញហើយ
នៅមួយរយៈចុងក្រោយនេះមហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមពិតជាបានដឹងហើយថាតារាចម្រៀងសំឡេងស្រួយនៅក្នុងផលិតកម្មសាន់ដេ លោក យឿន សូតអនុស្សាវរីយ៍ ត្រូវបានប្រពន្ធរត់ចោល ហើយលោកក៏បានចេញមកបង្ហោះវីដេអូនិងសារជាច្រើនហូរហែ ដើម្បីដង្ហើយហៅប្រពន្ធកូនត្រឡប់មកវិញ ខណៈលោកបានសារភាពរាល់កំហុសឆ្គងដែលលោកបានធ្វើដាក់ប្រពន្ធកូន និងបានបញ្ជាក់ថាលោកបានកែប្រែខ្លួនជាថ្មីហើយ និងសុំឱ្យប្រពន្ធលើកទោសនិងទុកឱកាសឱ្យម្ដងទៀត ។
យ៉ាងមិញស្រាប់តែនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះលោក យឿន សូតអនុស្សាវរីយ៍ បានបង្ហោះសារពីដំណឹងល្អដែលប្រពន្ធរបស់លោកចិត្តទន់យល់ព្រមនាំកូនមករស់នៅជួបជុំជាមួយលោកវិញ ដែលធ្វើឱ្យតារាចម្រៀងរូបនេះមានក្ដីរំភើបជាខ្លាំង ដែលប្រពន្ធមានចិត្តមេត្តាទុកឱកាសឱ្យលោកបានកែប្រែខ្លួន និងបានបំពេញតួនាទីជាមេគ្រួសារធ្វើជាប្ដីល្អសម្រាប់ប្រពន្ធ និងជាប៉ាល្អសម្រាប់កូនស្រី ក្នុងនោះដែរលោក យឿន សូតអនុស្សាវរីយ៍ ក៏បានបង្ហោះរូបភាពជាមួយប្រពន្ធ និងកូនដោយភ្ជាប់មកជាមួយ Caption ថា «ថ្ងៃនេះខ្ញុំបានជួបប្រពន្ធនិងកូនខ្ញុំវិញហើយអរគុណបងថ្លៃអរគុណបងៗ កូនស្រីប៉ា » ។
ក្រោយបង្ហោះពីដំណឹងបានជួបជុំប្រពន្ធកូនវិញហើយនោះលោក សូតអនុស្សាវរីយ៍ ក៏បានបង្ហោះវីដេអូផ្អែមល្ហែមជាមួយប្រពន្ធ និងរូបភាពរបស់ប្រពន្ធជាមួយកូនស្រីដោយបានរៀបរាប់ថា « លើកនេះប្ដីសុំមើលថែអូននិងកូនឱ្យបានល្អបំផុត ជីវិតបងឱ្យអូនហើយ » តាមរយៈដំណឹងល្អដែលលោកបានវិលជួបប្រពន្ធកូននេះវិញ ក៏មានមិត្តនៅក្នុងសិល្បៈ និងមហាជនអ្នកគាំទ្រជាច្រើនបានសម្ដែងនូវក្ដីរំភើប និងអបអរសាទរដល់លោក សូតអនុស្សាវរីយ៍ ថែមទាំងបានជូនពរឱ្យលោកនិងប្រពន្ធកូនរស់នៅជាមួយគ្នាឱ្យមានសេចក្ដីសុខសុភមង្គលទៀតផង ៕