កីឡាស៊ីហ្គេមនៅមួយអាទិត្យទៀតចប់ សុំមើលមុខអ្នកមិនទាន់ទៅទស្សនាផ្ទាល់នៅឡើយ
កម្ពុជាមកដល់ម៉ោង ២ និង ៣០នាទី រសៀលថ្ងៃទី៩ ខែឧសភា នេះ នៅតែបន្តនាំមុខ ឈរនៅលេខរៀងទី១ ដោយទទួលបានមេដាយមាស ៣៧គ្រឿង ប្រាក់ ៣៣គ្រឿង និងសំរិទ្ធ ៣២ សរុបទាំង ១០២ គ្រឿងហើយ តាមរយៈការប្រកួតជាច្រើនវិញ្ញាសារួចមក ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៩នេះ។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ នឹងបន្តប្រកួតវិញ្ញាសាជាបន្តបន្ទាប់ទៀត ខណៈការប្រកួតវិញ្ញាសាខ្លះកំពុងបន្តឡើងវគ្គផ្តាច់ព្រ័ត្រ ក្នុងនោះវិញ្ញាសាគុនខ្មែរ និងបាល់ទាត់បុរស ជាកីឡាដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ក៏ថ្ងៃប្រកួតចូលមកដល់ផងដែរ ដោយស្អែកនេះ ជាការប្រកួតចុងក្រោយ ហ្វីលីពីន នឹងជួបជាមួយ ភូមា នៅវេលាម៉ោង ៤ រសៀល ថ្ងៃទី ១០ ខែ ឧសភា ២០២៣ ចំណែកកម្ពុជា ត្រូវជួបជាមួយ ឥណ្ឌូនេស៊ី ចាប់ពីវេលាម៉ោង ៧ យប់តទៅ។
ចំណែកវិញ្ញាសាគុនខ្មែរ ព្រំ សំណាង បានឡើងទៅចងម៉ុងចំដៃគូនៅវគ្គផ្តាច់ព្រ័ត្រ យូរថ្ងៃមកហើយ និងត្រូវប្រកួតនៅថ្ងៃស្អែកនេះផងដែរ ខណៈ កីឡាករគុនខ្មែរជម្រើសជាតិ៤រូប រួមមាន៖ ឃួន ឡាំងកូស៊ីន ឈុត សេរី វ៉ាន់ថង ឃីម បូរ៉ា រឿង សោភ័ណ្ឌ ត្រូវប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃនេះ ចាប់ម៉ោង ២ តទៅ។
គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមទី៣២ បន្ទាប់ពីថ្ងៃបើក ទី៥ ឧសភា ២០២៣ មកដល់ល្ងាចថ្ងៃទី៩ នេះ គឺបានជិត ៤ថ្ងៃពេញហើយ បើរាប់តាំងពីថ្ងៃទី២៩ មេសា មក គឺកន្លងទៅបាន ១០ថ្ងៃហើយ និងនៅតែ អាទិត្យពេញទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍កីហ្គេមលើកទី៣២នេះ នៅលើទឹកដីកម្ពុជាផងដែរ។
សម្រាប់បងប្អូនអ្នកគាំទ្រ តើបានទៅចូលរួមទស្សនាផ្ទាល់ សម្រាប់កីឡាដែលបងប្អូនស្រលាញ់ចូលចិត្តរួចហើយឬនៅ? បើមិនទាន់បានទេ សូមរួសរាន់ និងកុំអោយខកខានសម្រាប់ព្រឹត្តិការណ៍ ព្រោះជាង ៦៤ឆ្នាំមកហើយ ដែលកម្ពុជា មិនដែលមានឱកាសបានរៀបចំព្រឹត្តិការណ៍ថ្នាក់អន្តរជាតិបែបនេះទេ ហើយនឹងត្រូវការច្រើនឆ្នាំទៀត ទើបមានឱកាសរៀបចំឡើងម្ដងទៀត សូមកុំខកខានអោយសោះ យ៉ាងហោចបានទៅមើលផ្ទាល់មួយដងក៏ល្អដែរ បើទោះបីជា ព្រឹត្តិការណ៍ដ៏ធំនេះ មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយក៏ពិតមែន តែទស្សនាផ្ទាល់ បានឃើញផ្ទាល់ អារម្មណ៍ រំភើបមិនដូចគ្នាទេ និងបានរូបផុស ទុកអនុស្សាវរីយ៍ សម្រាប់កូនចៅមើលនៅ ៦០ឆ្នាំក្រោយ តើល្អទេ?