នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស៖ ត្រូវតែចាប់យកឱកាសនៃ AI ដើម្បីនៅតែជារដ្ឋធានីបច្ចេកវិទ្យា
ក្រុងឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានប្រាប់មេដឹកនាំបច្ចេកវិទ្យាកាលពីថ្ងៃចន្ទ ដោយជំរុញឱ្យពួកគេចាប់យកឱកាស និងបញ្ហាប្រឈមនានានៃបញ្ញាសិប្បនិម្មិត AI ដោយលោកនិយាយថា “បច្ចេកវិទ្យា កំពុងផ្លាស់ប្តូរ យើងត្រូវតែធ្វើសកម្មភាព ឲ្យបានឆាប់រហ័ស ប្រសិនបើយើងចង់ មិនត្រឹមតែរក្សាតំណែងរបស់យើងជារដ្ឋធានីបច្ចេកវិទ្យាមួយរបស់ពិភពលោក … ប៉ុន្តែត្រូវបន្តទៅមុខទៀត ហើយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសល្អបំផុតក្នុងពិភពលោក ដើម្បីចាប់ផ្តើម រីកចម្រើន និងវិនិយោគនៅក្នុង អាជីវកម្មបច្ចេកវិទ្យា”។
ប្រភពខាងលើបានឲ្យដឹងទៀតថា “នោះគឺជាគោលដៅរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាមានភាពបន្ទាន់ និងទំនួលខុសត្រូវ ដើម្បីធ្វើឲ្យប្រាកដថាយើងចាប់យកវា” ខណៈរដ្ឋាភិបាលជុំវិញពិភពលោកឥឡូវនេះកំពុងព្យាយាមស្វែងរកតុល្យភាពមួយដែលពួកគេអាចវាយតម្លៃ និងទប់ទល់នឹងផលវិបាកអវិជ្ជមានមួយចំនួននៃ AI ដោយមិនរារាំងការច្នៃប្រឌិត ចំណែកចក្រភពអង់គ្លេសកាលពីខែមីនាបានជ្រើសរើសបំបែកការទទួលខុសត្រូវផ្នែកនិយតកម្មសម្រាប់ AI រវាងស្ថាប័នទាំងនោះ ដែលត្រួតពិនិត្យលើសិទ្ធិមនុស្ស សុខភាព និងសុវត្ថិភាព ព្រមទាំងការប្រកួតប្រជែង ជាជាងបង្កើតស្ថាប័នថ្មីមួយដែលឧទ្ទិសដល់បច្ចេកវិទ្យា។
លោកនាយករដ្ឋមន្ត្រី Sunak ក៏បាននិយាយថា វិស័យបច្ចេកវិទ្យា គឺជាចំណុចស្នូលនៃអាទិភាពរបស់លោកក្នុងការធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន ហើយរៀបរាប់ពីរបៀបដែលរដ្ឋាភិបាល នឹងធ្វើការជាមួយអាជីវកម្ម ដើម្បីទាញយកប្រយោជន៍ពីឱកាស ដែលបង្ហាញដោយបច្ចេកវិទ្យាផ្លាស់ប្តូរ ដូចជា AI ដែលអ្នកនិយមប្រើប្រាស់បានប្រៀបធៀបជាមួយនឹងការមកដល់របស់អ៊ីនធឺណិតជាដើម។
នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន លោក Sunak បាននិយាយថា ប្រទេសអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិភពលោកស្តីពីសុវត្ថិភាពបញ្ញាសិប្បនិម្មិតនៅចុងឆ្នាំនេះ ដើម្បីពិចារណាពីហានិភ័យនៃប្រព័ន្ធ AI និងពិភាក្សាអំពីរបៀបដែលពួកគេអាចកាត់បន្ថយបានតាមរយៈសកម្មភាពសម្របសម្រួលអន្តរជាតិ។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ក៏បាននិយាយបន្ថែមថា “គឺវាអស្ចារ្យណាស់ ប៉ុន្តែយើងត្រូវតែ – ហើយយើងនឹងធ្វើវាដោយសុវត្ថិភាពបំផុត ហើយខ្ញុំចង់ធ្វើឱ្យចក្រភពអង់គ្លេសមិនត្រឹមតែជាផ្ទះបញ្ញាប៉ុណ្ណោះទេ ប៉ុន្តែជាផ្ទះភូមិសាស្រ្តនៃបទប្បញ្ញត្តិសុវត្ថិភាព AI ជាសកលផងដែរ”៕
អត្ថបទបកប្រែដោយ៖ កញ្ញា មាស សំនៀង