ប្រធានាធិបតីអាមេរិកបង្ហាញការព្រួយបារម្ភអំពីផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត AI ចំពោះសេដ្ឋកិច្ច និងសន្តិសុខជាតិ
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា ហានិភ័យនៃបញ្ញាសិប្បនិម្មិតចំពោះសន្តិសុខជាតិ និងសេដ្ឋកិច្ចចាំបាច់ត្រូវតែដោះស្រាយ ដោយបន្ថែមថា លោកនឹងស្វែងរកដំបូន្មានពីអ្នកជំនាញផងដែរ។
លោក Biden បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង San Francisco ថា “រដ្ឋបាលរបស់ខ្ញុំបានប្តេជ្ញាការពារសិទ្ធិ និងសុវត្ថិភាពរបស់ជនជាតិអាមេរិក ខណៈពេលដែលការការពារភាពឯកជនក្នុងការដោះស្រាយភាពលំអៀង និងព័ត៌មានមិនពិត ដើម្បីធ្វើឱ្យប្រាកដថា ប្រព័ន្ធ AI មានសុវត្ថិភាពមុនពេលពួកវាត្រូវបានចេញផ្សាយ” ។
លោក Biden បានជួបជាមួយក្រុមមេដឹកនាំសង្គមស៊ីវិល និងអ្នកតស៊ូមតិ ដែលពីមុនបានរិះគន់ឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បីពិភាក្សាអំពីបញ្ញាសិប្បនិម្មិត ដោយលោកបានថ្លែងថា៖ «ខ្ញុំចង់ស្តាប់ដោយផ្ទាល់ពីអ្នកជំនាញ រដ្ឋាភិបាលជាច្រើនកំពុងពិចារណាអំពីរបៀបកាត់បន្ថយគ្រោះថ្នាក់នៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដែលបានជួបប្រទះនឹងការរីកដុះដាលនៃការវិនិយោគ និងប្រជាប្រិយភាពរបស់អ្នកប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីការចេញផ្សាយ ChatGPT របស់ OpenAI ។
គួររំឭកថា កិច្ចប្រជុំរបស់លោក Joe Biden កាលពីថ្ងៃអង្គារនោះ ចូលរួមពី Tristan Harris នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាមនុស្សធម៌ ស្ថាបនិក Algorithmic Justice League លោក Joy Buolamwini និងសាស្ត្រាចារ្យសាកលវិទ្យាល័យ Stanford លោក Rob Reich ផងដែរ។
និយតករទូទាំងពិភពលោកបាននឹងកំពុងព្យាយាមបង្កើតច្បាប់គ្រប់គ្រងការប្រើប្រាស់ AI ជំនាន់ថ្មី ដែលអាចបង្កើតអត្ថបទ និងរូបភាព ហើយឥទ្ធិពលរបស់វាត្រូវបានគេប្រៀបធៀបទៅនឹងអ៊ីនធឺណិត និងថ្មីៗនេះលោក Biden ក៏បានពិភាក្សាអំពីបញ្ហា AI ជាមួយមេដឹកនាំពិភពលោកផ្សេងទៀត រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ដែលរដ្ឋាភិបាលរបស់គាត់នឹងរៀបចំកិច្ចប្រជុំកំពូលពិភពលោកលើកដំបូងស្តីពីសុវត្ថិភាពបញ្ញាសិប្បនិម្មិតនៅចុងឆ្នាំនេះ។
លោក Biden ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីប្រធានបទនេះជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក្នុងអំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិកផងដែរ ចំពោះសមាជិកសភាសហភាពអឺរ៉ុបបានយល់ព្រមកាលពីសប្តាហ៍មុនអំពី ការផ្លាស់ប្តូរក្នុងសេចក្តីព្រាងច្បាប់ស្តីពីបញ្ញាសិប្បនិមិត្តដែលស្នើឡើងដោយគណៈកម្មការអឺរ៉ុបក្នុងគោលបំណងកំណត់ស្តង់ដារសកលសម្រាប់បច្ចេកវិទ្យាដែលប្រើលើអ្វីៗគ្រប់យ៉ាងចាប់ពីរោងចក្រស្វ័យប្រវត្តិរហូតដល់រថយន្តបើកបរដោយខ្លួនឯងនឹងដល់ chatbots ៕
អត្ថបទបកប្រែ៖ កញ្ញា មាស សំនៀង