Twitter បានតម្រូវឲ្យអ្នកប្រើប្រាស់ចូលក្នុងគណនីរបស់ខ្លួនសិនទើបអាចមើល Tweets បាន

ឥឡូវនេះបណ្តាញសង្គម Twitter នឹងតម្រូវឲ្យអ្នកប្រើប្រាស់មានគណនីនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជាមុនសិនដើម្បីអាចមើល tweet បាន ដែលជាការផ្លាស់ប្តូរដែលម្ចាស់ លោក Elon Musk កាលពីថ្ងៃសុក្រហៅថា “វិធានការសង្គ្រោះបន្ទាន់” ។

អ្នកប្រើដែលព្យាយាមមើលមាតិកានៅលើបណ្តាញសង្គម Twitter នឹងត្រូវបានស្នើឲ្យចុះឈ្មោះសម្រាប់គណនីមួយឬចូលទៅក្នុងគណនីដែលមានស្រាប់ដើម្បីមើល Tweet របស់ពួកគេ ខណៈលោក Elon Musk និយាយនៅក្នុង tweet ថា “យើងត្រូវបានគេលួចទិន្នន័យជាច្រើនដែលវាធ្វើឲ្យខូចដល់ទិន្នន័យសម្រាប់អ្នកប្រើធម្មតា!”លោកបានបន្ថែមថា អង្គការរាប់រយ ឬច្រើនជាងនេះកំពុងលួចទិន្នន័យ Twitter “យ៉ាងគឃ្លើន” ដែលប៉ះពាល់ដល់បទពិសោធន៍អ្នកប្រើប្រាស់។

លោក Musk ធ្លាប់បានសម្តែងការមិនសប្បាយចិត្តចំពោះក្រុមហ៊ុនបញ្ញាសិប្បនិមិត្តដូចជា OpenAI ដែលជាម្ចាស់ ChatGPT ដោយប្រើទិន្នន័យរបស់ Twitter ដើម្បីបណ្តុះបណ្តាលគំរូភាសាធំៗរបស់ពួកគេ។ «យើងនឹងចាត់វិធានការផ្លូវច្បាប់ជាដាច់ខាតចំពោះអ្នកដែលលួចទិន្នន័យរបស់យើង ហើយទន្ទឹងរង់ចាំឃើញពួកគេនៅក្នុងតុលាការ ដែលមានរយៈពេល ២ ទៅ ៣ ឆ្នាំពីពេលនេះ»។

នៅក្នុងលិខិតមួយផ្ញើទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន Microsoft មេធាវីរបស់ Musk លោក Alex Spiro កាលពីខែឧសភាបានស្នើសុំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សធ្វើសវនកម្មលើការប្រើប្រាស់ខ្លឹមសាររបស់ Twitter ដោយចោទប្រកាន់អ្នកអភិវឌ្ឍន៍ Windows បានរំលោភលើកិច្ចព្រមព្រៀងលើការប្រើប្រាស់ទិន្នន័យរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម។

ក្រុមហ៊ុនបានផ្តួចផ្តើមនូវវិធានការជាច្រើនដើម្បីនាំយកអ្នកផ្សាយពាណិជ្ជកម្មត្រឡប់មកវិញដែលបានចាកចេញពីបណ្តាញសង្គមរបស់ក្រុមហ៊ុនក្រោមភាពជាម្ចាស់របស់ Musk និងដើម្បីបង្កើនប្រាក់ចំណូលនៃការជាវដោយធ្វើឲ្យការផ្ទៀងផ្ទាត់សញ្ញាសម្គាល់ជាផ្នែកមួយនៃកម្មវិធី Twitter Blue ។

កាលពីដើមខែនេះ Twitter បានប្រកាសផែនការផ្តោតលើវីដេអូ អ្នកបង្កើត និងភាពជាដៃគូពាណិជ្ជកម្ម ដើម្បីធ្វើឲ្យអាជីវកម្មរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមានភាពរស់រវើក លើសពីការផ្សាយពាណិជ្ជកម្មតាមឌីជីថល។ Twitter ក៏បានចាប់ផ្តើមគិតប្រាក់សម្រាប់អ្នកប្រើប្រាស់ដើម្បីចូលប្រើកម្មវិធីរបស់ខ្លួនដែលប្រើប្រាស់ដោយកម្មវិធីភាគីទីបី និងអ្នកស្រាវជ្រាវ។

 

អត្ថបទបកប្រែដោយ៖ កញ្ញា មាស សំនៀង

អត្ថបទដែលជាប់ទាក់ទង